សហរដ្ឋអាមេរិក ៖ លោក Bill Gates ជាសហស្ថាបនិកក្រុមហ៊ុន Microsoft បានចូលរួមវគ្គជជែកកម្សាន្ត Fireside Chat ពាក់ព័ន្ធនឹង EdTech ឬបច្ចេកវិទ្យាការសិក្សានៅទីក្រុងសាន់ឌីអាហ្គោ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក លើកឡើងថា ក្នុងរយៈពេល១៨ខែខាងមុខ កម្មវិធី AI Chatbot (បញ្ញាសិប្បនិម្មិត) នឹងអាចឆ្លើយតបសំណួររបស់មនុស្ស និងជួយបង្ហាត់ការអាន និងសរសេរដល់កូនសិស្សផងដែរ ។
លោក Bill Gates និយាយថា ៖ «បច្ចេកវិទ្យា AI មានសមត្ថភាពជួយដល់កុមារឱ្យហ្វឹកហាត់អាន និងសរសេរ ហើយវានឹងធ្វើជាគ្រូដ៏ល្អម្នាក់ដូចមនុស្សយើងដែរ» ។ លោកបន្តថា បច្ចេកវិទ្យា Chatbot នាពេលបច្ចុប្បន្ននេះមានភាពឆ្លាត និងរហ័សរហួនមិនគួរឱ្យជឿផ្នែកការអាន និងសរសេរ ។ ដូច្នេះ បច្ចេកវិទ្យានេះមានគុណសម្បត្តិអាចបង្រៀនកូនសិស្ស ខណៈបច្ចេកវិទ្យាផ្សេងៗមិនអាចធ្វើបានពីមុន ។ យើងនឹងឃើញថា បច្ចុប្បន្ន អ្នកប្រើប្រាស់កម្មវិធី Chatbot ជាច្រើននាក់បានប្រើប្រាស់ AI ដើម្បីជួយពិនិត្យលើការសរសេររបស់ពួកគេ មិនថាការពិនិត្យអក្ខរាវិរុទ្ធ ឬការណែនាំប្រធានបទយកមកសរសេរ ។
អ្នកសរសេរអត្ថបទបច្ចេកវិទ្យារបស់ New York Times ព្រមទទួលស្គាល់ថា គាត់បានប្រើប្រាស់ ChatGPT ដើម្បីជួយពិនិត្យការសរសេររបស់គាត់ ។ ដូចគ្នានេះ អ្នកស្រាវជ្រាវមួយចំនួនក៏ពេញចិត្តនូវការសរុបខ្លឹមសារអត្ថបទរបស់ AI និងផ្តល់មតិលើការសរសេរ រួមទាំងការសរសេរអត្ថបទកម្រិតខ្ពស់ផងដែរ ។
បើទោះជាមនុស្សភាគច្រើនពេញចិត្តនឹងសមត្ថភាពរបស់វាក្តី ប៉ុន្តែក្រុមអ្នកស្រាវជ្រាវក៏បានដាស់តឿនថា បច្ចេកវិទ្យាថ្មីរបស់ AI មិនទាន់គ្រប់ជ្រុងជ្រោយទេ ហើយវាអាចផ្តល់ទិន្នន័យខុសបាន ។ លោក Bill Gates បញ្ជាក់ថា AI ត្រូវកែលម្អបច្ចេកវិទ្យាការអាន និងអភិវឌ្ឍន៍ភាសាមនុស្សឱ្យកាន់តែប្រសើរឡើង មុននឹងវាក្លាយជាបច្ចេកវិទ្យាល្អឥតខ្ចោះ ។
លោក Bill Gates បន្ថែមថា ក្រៅពីការអាន និងសរសេរហើយ សមត្ថភាពផ្នែកគណិតវិទ្យាក៏ជាជំនាញមួយដែល AI អាចជួយបង្រៀនកូនសិស្សនាថ្ងៃអនាគត ។ ប៉ុន្តែពេលនេះ វាមានកំហុសឆ្គងច្រើន និងកំពុងតែអភិវឌ្ឍ ។ ដូច្នេះ គេអាចត្រូវចំណាយពេលវេលាបន្តិចទៀតដើម្បីអភិវឌ្ឍន៍វាបន្ត ហើយនៅថ្ងៃអនាគត វានឹងក្លាយជាជម្រើសមួយសម្រាប់អ្នកគ្មានលទ្ធភាពជួលគ្រូផ្ទាល់ខ្លួនមកបង្រៀនបាន ខណៈគ្រូទាំងនោះយកថ្លៃឈ្នួលខ្ពស់ ។ AI នឹងក្លាយជាឧបករណ៍សំខាន់មួយក្នុងការកាត់បន្ថយវិសមភាពការសិក្សាផងដែរ ៕
ប្រភព ៖ Techsauce










