ប្រទេសស៊ូដង់ ៖ កាលពីថ្ងៃទី២៣ ខែមេសា កន្លងមក AFP រាយការណ៍ថា អាមេរិកបានបញ្ជូនក្រុមការងារពិសេស ព្រមទាំងឧទ្ធម្ភាគចក្រមកជម្លៀសមន្ត្រីទូតចេញពីស្ថានទូតអាមេរិកប្រចាំក្រុង Khartoum ប្រទេសស៊ូដង់ ខណៈប្រទេសនេះមានការតស៊ូដណ្តើមអំណាចយ៉ាងខ្លាំងក្លារវាងកងទ័ពស៊ូដង់ និងកងទ័ពគាំទ្ររហ័ស (RSF) ។
អាមេរិកបានជម្លៀសមន្ត្រីទូតរបស់ខ្លួនចេញពីប្រទេសស៊ូដង់ ស្របគ្នានឹងប្រទេសបារាំងក៏បានជម្លៀសមន្ត្រីទូតចេញដូចគ្នាដែរ ខណៈប្រទេសស៊ូដង់មិនអើពើនឹងការអំពាវនាវពីសហគមន៍អន្តរជាតិឱ្យភាគីទាំងពីរបញ្ឈប់ការជម្លោះគ្នា ។ កងទ័ពស៊ូដង់ និងកងទ័ពគាំទ្ររហ័ស (RSF) បានបង្កើនអាវុធរៀងខ្លួននៅតំបន់ប្រជុំជន ក្នុងនោះមានទាំងយន្តហោះចម្បាំង និងរថក្រោះផងដែរ ។
ការតស៊ូរវាងភាគីទាំងពីរក្នុងប្រទេសស៊ូដង់បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ដោយកាត់ផ្តាច់អគ្គិសនី ទឹកស្អាត និងបណ្តាញផ្លូវគមនាគមន៍ ។ លើសពីនេះ ប្រទេសស៊ូដង់កំពុងប្រឈមនឹងការខ្វះខាតស្បៀងអាហារ និងថ្នាំពេទ្យជាខ្លាំង ហើយធ្វើឱ្យពលរដ្ឋប្រទេសនេះរស់នៅទាំងភាពភ័យខ្លាច និងទុក្ខវេទនា ហើយមានមនុស្សស្លាប់យ៉ាងតិចចំនួន៤០០នាក់ និងរងរបួសរាប់ពាន់នាក់ទៀត ។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានអំពាវនាវឱ្យកងទ័ពទាំងពីរភាគីនៅស៊ូដង់ឈប់ប្រយុទ្ធគ្នា ព្រមទាំងថ្កោលទោសសង្គ្រាមនេះថា គ្មានហេតុផលច្បាស់លាស់ ។ ចំណែកផ្នែកប្រតិបត្តិការរបស់កងទ័ពអាមេរិកបានប្រើកងកម្លាំងពិសេសចំនួន១០០នាក់ និងឧទ្ធម្ភាគចក្រ Chinook ចំនួន៣គ្រឿងហោះចេញពីមូលដ្ឋានទ័ពនៅសាធារណរដ្ឋជីប៊ូទី ។
ចំណែកក្រសួងការបរទេសបារាំងនិយាយថា ភារកិច្ចជម្លៀសមនុស្សចេញពីប្រទេសស៊ូដង់ត្រូវបានធ្វើឡើងយ៉ាងឆាប់រហ័ស ហើយប្រទេសបារាំងនឹងជួយជម្លៀសពលរដ្ឋអឺរ៉ុប និងពលរដ្ឋផ្សេងទៀតដែលពួកគេស្នើសុំឱ្យបារាំងជួយ ។
លោក John Bass អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកថ្លែងថា បានទំនាក់ទំនងទៅកាន់កងទ័ព RSF ដើម្បីកុំឱ្យពួកគេបាញ់កងទ័ពអាមេរិក ។ រីឯការជម្លៀសពលរដ្ឋអាមេរិក គឺគេមិនទាន់អាចជម្លៀសនាពេលឆាប់ៗទេ ហើយនៅមានប្រទេសជាច្រើនទៀតដែលបានជម្លៀសពលរដ្ឋរបស់ខ្លួន ដូចជា ប្រទេសអារ៉ាប៊ីសាអូឌីត អាល្លឺម៉ង់ កូរ៉េខាងត្បូង និងជប៉ុន ៕ 
ប្រភព ៖ khaosod










