Home ព័ត៌មានអន្តរជាតិ ថៃនឹងធ្វើជាម្ចាស់ផ្ទះប្រកួត World Muay Thai Championships 2023 ត្រូវនឹងថ្ងៃប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា

ថៃនឹងធ្វើជាម្ចាស់ផ្ទះប្រកួត World Muay Thai Championships 2023 ត្រូវនឹងថ្ងៃប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា

46
0

ប្រទេសថៃ ៖ សហព័ន្ធប្រដាល់ Muay Thai អន្តរជាតិលើកឡើងថា ថៃនឹងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះការប្រកួត World Muay Thai Championships 2023 នៅក្រុងបាងកក ហើយពេលនេះ មានប្រទេសចំនួន១០០ បានចុះឈ្មោះចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ គឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៣ ខែឧសភា ។ រឿងគួរឱ្យចាប់អារម្មណ៍ គឺប្រទេសថៃលើកឡើងថា ខ្លួនធ្វើជាម្ចាស់ផ្ទះការប្រកួតនេះឱ្យត្រូវនឹងថ្ងៃប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជាដែរ ។

តាមប្រភពព័ត៌មានពីវិស័យប្រដាល់ថៃឱ្យដឹងថា សហព័ន្ធប្រដាល់ Muay Thai អន្តរជាតិ (IFMA) បានត្រៀមរៀបចំការប្រកួត World Muay Thai Championships 2023 ដែលនឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៣ ខែឧសភា ។ វាជាពេលវេលាដូចគ្នាជាមួយការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែឧសភា ។

លោក Sakchai Thapsuwan ប្រធានសហព័ន្ធកីឡាប្រដាល់អន្តរជាតិ ថ្លែងថា ៖ «ការប្រកួតនេះ គឺជាពេលវេលាមួយដ៏មានមោទនភាពរបស់ប្រទេសថៃ ។ យើងសង្ឃឹមថា នឹងមានកីឡាករ, coach និងភ្ញៀវវីអាយភី ជាង៣.០០០នាក់មកពី១០០ប្រទេស (ក្នុង៥ទ្វីប) ធ្វើដំណើរមកកាន់ប្រទេសថៃ ។ ការប្រកួតនេះ នឹងក្លាយជាវគ្គជម្រុះលើកចុងក្រោយសម្រាប់កម្មវិធី World Combat Games 2023 នៅប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ» ។

លោក Sakchai Thapsuwan បន្តថា ៖ «កីឡាករនឹងជាបេះដូង និងវិញ្ញាណក្នុងការប្រកួតកីឡាប្រចាំឆ្នាំ២០២៣ ហើយឆ្នាំនេះដែរ គឺជាឆ្នាំដែលថៃនឹងបង្ហាញកីឡា Muay Thai ឱ្យពិភពលោកបានស្គាល់ និងជាឱកាសជាច្រើនសម្រាប់កីឡាករ ។ ដូច្នេះ សម្រាប់ Muay Thai នឹងធ្វើឱ្យកីឡាករទាំងអស់មានមោទនភាពក្នុងការប្រកួតដើម្បីកសាងកេរ្តិ៍ឈ្មោះ និងកិត្តិយសជាតិ នៅក្រោមសហព័ន្ធដែលអន្តរជាតិបានទទួលស្គាល់» ។

លោកបន្ថែមថា សហព័ន្ធប្រដាល់ Muay Thai អន្តរជាតិមានសមាជិកសរុបចំនួន១៤៣ប្រទេស និងត្រូវបានបញ្ចូលក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិ ដូចជា World Games និង European Games ជាផ្លូវការហើយ នៅសល់តែអូឡាំពិកមួយប៉ុណ្ណោះ ដែលប្រទេសថៃកំពុងតែជំរុញចូលក្នុងការប្រកួតប្រជែងនាពេលអនាគត ។

ប្រទេសថៃធ្លាប់បានប្រកាសថា មិនបញ្ជូនកីឡាករមកប្រកួតគុនខ្មែរក្នុងកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ទេ ហើយថៃនិយាយថា ម្ចាស់ផ្ទះកម្ពុជាបាននាំកីឡាគុនខ្មែរមកដាក់ជំនួស Muay Thai ហើយកម្ពុជាមិនស្គាល់ Muay Thai រហូតធ្វើឱ្យអ្នកលេងបណ្តាញសង្គមក្នុងប្រទេសទាំងពីរជជែកគ្នាពីរឿងក្បាច់គុនមួយណាកើតមុនគេ ។

ប្រទេសថៃនឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត World Muay Thai Championships 2023 ហើយត្រូវគ្នានឹងថ្ងៃប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា តើថៃរៀបចំការប្រកួតនេះឡើងក្នុងគោលបំណងអ្វី ? ហើយហេតុអ្វីបានជាប្រទេសថៃមិនជ្រើសរើសយកពេលវេលាផ្សេងសម្រាប់ប្រកួត ? បែរជាអំពាវនាវឱ្យប្រទេសនានាមកប្រកួតនៅថៃ ចំថ្ងៃដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមទៅវិញ ? ប្រព័ន្ធផ្សព្វផ្សាយថៃឈ្មោះ sanook សរសេរថា បន្តិចទៀត ពិភពលោកនឹងដឹងថា រវាង Muay Thai និងគុនខ្មែរ តើមានប្រភពមកពីប្រទេសណាពិតប្រាកដ ៕ ប្រភព ៖ sanookhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2Zqu58NPqRaSCTSNibrZq1PlgbJXzcVhyX-kBIyzKI2kWc0af9J-BydT4BUa78aG_b4enIfI7zf9aFBBwbbDhRAHtTWVXMw-OrGgi0PxGfSaklT9O35_d9KQ185RN8aKsf1l6BujvWTRYsAcZ2SGqoPvTPz8sRkJbHkgES3dyN957TjB_F_EYzE-W/s1200/photo_2023-04-22_12-03-23.jpg