ប្រទេសចិន ៖ ក្មេងម្នាក់អាយុ៦ឆ្នាំ រស់នៅប្រទេសចិនបានសន្លប់ និងត្រូវបានក្រុមគ្រួសារដឹកទៅកាន់មន្ទីរពេទ្យ ក្រោយពីបានញ៉ាំស៊ុតចៀនដាក់ប៉េងប៉ោះដែលយាយធ្វើឱ្យ ។ គ្រូពេទ្យនិយាយថា វាជាគ្រោះថ្នាក់នៅជិតខ្លួន ព្រោះប៉េងប៉ោះបៃតងមានគ្រោះថ្នាក់ដល់សុខភាពក្មេង និងមនុស្សចាស់ ។
សារព័ត៌មានបរទេសបានចុះផ្សាយរឿងរ៉ាវមួយសម្រាប់ដាស់តឿនដល់ឪពុកម្តាយទាំងអស់ ដែលចូលចិត្តចម្អិនអាហារឱ្យកូនៗញ៉ាំ ដូចជា ស៊ុតចៀនដាក់ប៉េងប៉ោះ ខណៈប៉េងប៉ោះជាបន្លែមានប្រយោជន៍ ហើយក្មេងៗងាយស្រួលញ៉ាំ បើចៀនស៊ុតហើយដាក់ប៉េងប៉ោះចូល ។ បើទោះជាប៉េងប៉ោះមានប្រយោជន៍ក៏ពិតមែន ប៉ុន្តែមិនគួរយកប៉េងប៉ោះបៃតងមកឱ្យក្មេងញ៉ាំទេ គឺត្រូវយកប៉េងប៉ោះពណ៌ក្រហម និងចម្អិនឱ្យឆ្អិនល្អ ។ ស៊ុតចៀនដាក់ប៉េងប៉ោះដែលលោកយាយម្នាក់នេះធ្វើឱ្យចៅញ៉ាំនោះ គឺយកប៉េងប៉ោះបៃតងទៅធ្វើ ព្រោះយាយនិយាយថា ចៅរបស់គាត់ចូលចិត្តញ៉ាំ ហើយយាយក៏ធ្វើឱ្យចៅជាប្រចាំ និងគ្មានអាការៈខុសប្លែកដូចពេលនេះទេ ។
ប៉ុន្តែលើកនេះ ចៅរបស់យាយមានអាការៈប្លែកជាច្រើនដូចជា ក្អួតចង្អោរ រួចសន្លប់បាត់ស្មារតី ។ ដូច្នេះ ក្រុមគ្រួសារក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយសំណាងល្អ ដែលគ្រូពេទ្យអាចជួយសង្គ្រោះទាន់ពេលវេលា ធ្វើឱ្យអាការៈបានធូរស្រាល និងនាំមកផ្ទះនៅវិញដើម្បីតាមដានសុខភាពបន្តទៀត ។
តាមការសាកសួរទៅកាន់គ្រូពេទ្យឱ្យដឹងថា លោកយាយបានចៀនស៊ុតដាក់ប៉េងប៉ោះឱ្យចៅញ៉ាំ ហើយយកប៉េងប៉ោះបៃតងមកចៀន ។ គ្រូពេទ្យបន្តថា ប៉េងប៉ោះបៃតងមានសារធាតុសូឡានីនច្រើន ដូច្នេះ ធ្វើឱ្យរលាកប្រព័ន្ធរំលាយអាហារ ក្អួត និងពិបាកដកដង្ហើម ។ ប៉េងប៉ោះបៃតងមានជាតិពុលច្រើនដែលបង្កគ្រោះថ្នាក់ដល់កុមារ និងមនុស្សចាស់ ព្រោះសារធាតុសូឡានីនអាចធ្វើឱ្យខូចប្រព័ន្ធសរសៃប្រសាទកណ្តាល ឈឺពោះ និងស្លាប់បាន ។ លោកគ្រូពេទ្យបានណែនាំឱ្យទទួលទានប៉េងប៉ោះទុំ ដើម្បីចៀសវាងសារធាតុសូឡានីនដែលបណ្តាលឱ្យមានគ្រោះថ្នាក់ដល់សុខភាព ៕ ប្រភព ៖ Chiang Mai News










