ប្រទេសវៀតណាម ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund-IMF) បានចេញផ្សាយរបាយការណ៍មួយដែលព្យាករណ៍ពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗថា វៀតណាមនឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចឆាប់រហ័សបំផុតលំដាប់ទី២ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ លើសពីនេះ វៀតណាមនឹងនៅក្រោមប្រទេសហ្វីលីពីនតែមួយប៉ុណ្ណោះ ។
របាយការណ៍របស់ IMF បានព្យាករណ៍ថា ការរីកចម្រើននៃផលិតផលក្នុងស្រុកសរុប (Gross Domestic Product-GDP) របស់វៀតណាមមានទំនោរកើនឡើងរហូតដល់៥,៨% នៅឆ្នាំ២០២៣ ។ លើសពីនេះ ផលិតផលក្នុងស្រុកសរុបវៀតណាមនឹងកើនឡើងដល់៦,៧% នៅឆ្នាំ២០២៤ ។ ដូច្នេះ ការកើនឡើងរបស់ GDP មួយផ្នែក គឺដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ នៅប្រទេសវៀតណាមបានធូរស្រាលនាពេលកន្លងមក ។
ទោះយ៉ាងណា ការព្យាករពីកំណើនសេដ្ឋកិច្ចវៀតណាមនៅឆ្នាំ២០២៣ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ត្រូវបានគេចាត់ទុកថា ទាបជាងការព្យាកររបស់ធនាគារពិភពលោក ដែលបានបញ្ជាក់ថា អត្រាកំណើនសេដ្ឋកិច្ចវៀតណាមស្មើនឹង៦,៣% ខណៈធនាគារអភិវឌ្ឍន៍អាស៊ីប៉ាន់ស្មានថា ស្មើនឹង៦,៥% ៕
ប្រភព ៖ Mono News










