កូនផ្សោតឈ្មោល១ក្បាលមានទម្ងន់ ១០គីឡូក្រាម ប្រវែង ០,៨៧ម៉ែត្រ អាយុប្រមាណ៤ថ្ងៃ បានងាប់នៅភូមិ បឹងច្រែង ឃុំសោម ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ តាមរយៈនៃការធ្វើកោសល្យវិច្ច័យបានសន្និដ្ឋានថា កូនផ្សោតនេះងាប់ដោយជាប់មង។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ។
តាមការពិនិត្យនិងវាយតម្លៃដោយមន្ត្រីជំនាញ នៃរដ្ឋបាលជលផល និងអង្គការ WWF កូនផ្សោតងាប់នេះបានរលាត់ស្បែក ដាច់កន្ទុយ និងដាច់ព្រុយចំហៀងទាំងសងខាង។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន សត្វផ្សោតទន្លេមេគង្គរងការគំរាមកំហែង ដោយឧបករណ៍នេសាទមង សន្ទូចរនង និងឧបករណ៍ឆក់ ដូច្នេះទើបរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ៤៧អនក្រ,បក ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពីការកំណត់ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ដែលមានប្រវែង ១២០គីឡូម៉ែត្រ ចាប់ពីប៉ែកខាងក្រោមស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រែង ខេត្តស្ទឹងត្រែង រហូតដល់ក្បាលកោះទ្រង់ ខេត្តក្រចេះ ដោយហាមឃាត់ការធ្វើនេសាទដែលប្រើ ឧបករណ៍មង សន្ទូចរនង និងឧបករណ៍នេសាទខុសច្បាប់ផ្សេងទៀត៕











