ពលរដ្ឋជាច្រើនគ្រួសាររងគ្រោះដោយសារក្រុមហ៊ុន ជា សារ៉ន ដែលដឹកនាំដោយលោកឧកញ៉ា ជា សារ៉ន នឹងទទួលបានដំណោះស្រាយសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការជាមួយឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពតនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣។ នេះបើតាមលិខិតរបស់រដ្ឋបាលស្រុកទឹកឈូ នៅថ្ងៃទី១៩ ខែមេសា ។
ប្រជាពលរដ្ឋជាច្រើនគ្រួសារបានអំពាវនាវស្វែងរកយុត្តិធម៌ពីថ្នាក់ដឹកនាំក្រោយពីឧកញ៉ាជា សារ៉ន មិនព្រមផ្តល់អត្ថប្រយោជន៍ដល់ពួកគាត់ជាច្រើនខែ ដែលបានខ្ចីលុយធនាគារមកវិនិយោគជាមួយឧកញ៉ារូបនេះដោយក្នុងមួយគ្រួសារតិចបំផុតចំនួន១ម៉ឺនដុល្លារ និងច្រើនបំផុត១០ម៉ឺនដុល្លារ។ ប៉ុន្តែក្រុមហ៊ុន ជា សារ៉ន ដែលល្បីរឿងវិនិយោគដីឡូត៍ចំណេញប្រាក់ខ្ពស់នេះ បាន រំលោភលើសេចក្តីទុកចិត្តលើកិច្ចសន្យាជាមួយពលរដ្ឋ១០០០គ្រួសារនៅខេត្តកំពត។ ក្នុងនោះជនរងគ្រោះជាច្រើនគ្រួសារស្នើឱ្យថ្នាក់ដឹកនាំជួយដោះស្រាយ ហើយស្នើឱ្យឧកញ៉ា ជា សារ៉ន ចូលខ្លួនដោះស្រាយលើបញ្ហានេះ ព្រោះពួកគាត់ត្រូវយកលុយទៅបង់ធនាគារ។
យ៉ាងណាមិញ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ រដ្ឋបាលទឹកឈូ បានអំពាវនាវដល់គ្រួសារជនរងគ្រោះទាំងអស់ដែលមានវិវាទពាក់ព័ន្ធនឹង ក្រុមហ៊ុន សារ៉ន គ្រុប ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត នឹងដឹកនាំដោះស្រាយសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ រវាងបងប្អូនប្រជាពលរដ្ឋនឹងក្រុម ហ៊ុន ជា សារ៉ន គ្រុប នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៦.៣០នាទីព្រឹក នៅវត្តអង្គឈូក ស្ថិត នៅភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត ដោយជនរងគ្រោះទាំងអស់ត្រូវ ភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធជាមួយក្រុមហ៊ុនក្នុងការដោះស្រាយវិវាទនេះ។ ដូច្នេះសូមបងប្អូនជនរងគ្រោះដោយសារដីឡូត៍របស់ឧកញ៉ា ជា សារ៉ន ទាំងអស់កុំភ្លេចចូលរួមកុំបីអក់ខានដើម្បីទទួលបានការដោះសា្រយដ៏ល្អមួយពីអភិបាលខេត្តកំពត៕













