Home ព័ត៌មានអន្តរជាតិ កីឡាករប្រដាល់ថៃ សុតសាខន ថាខ្លួនគ្មានចេតនាបំផ្លាញ Muay Thai

កីឡាករប្រដាល់ថៃ សុតសាខន ថាខ្លួនគ្មានចេតនាបំផ្លាញ Muay Thai

174
0

ប្រទេសថៃ ៖ អ្នកលេងបណ្តាញសង្គមថៃបានរិះគន់កីឡាករថៃម្នាក់ឈ្មោះ សុតសាខន (Sudsakorn) អាយុ៣៦ឆ្នាំ ដោយសាររូបគេបានប្រកួតចាញ់កីឡាករខ្មែរឈ្មោះ ព្រំ សំណាង នៅប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែមេសា កន្លងមក ។ សុតសាខន និយាយថា ពេលរូបគេប្រកួតចាញ់កីឡាករខ្មែរ ពលរដ្ឋថៃនាំគ្នារិះគន់ថា រូបគេគាំទ្រគុនខ្មែរ ហើយការប្រកួតនៅកម្ពុជា ខ្លួនបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ ។

អ្នកគាំទ្រកីឡា Muay Thai បានសួរថា ហេតុអ្វីបានជា សុតសាខន ទៅប្រកួតនៅប្រទេសកម្ពុជា ? ព្រោះការទៅប្រកួតនៅកម្ពុជា ហាក់ដូចជាគាំទ្រគុនខ្មែរ ហើយរឿងនេះ កីឡាករ សុតសាន ក៏បានចេញមកបកស្រាយថា ៖ «ខ្ញុំបានចុះកុងត្រាប្រកួតតាំងពីខែធ្នូ ឆ្នាំ២០២២ មកម៉្លេះថា នឹងទៅប្រកួតនៅកម្ពុជា នាខែមេសា ឆ្នាំ២០២៣ ព្រោះខ្ញុំទំនេរនៅខែមេសា ហើយនៅខែឧសភា ខ្ញុំត្រូវទៅប្រកួតនៅប្រទេសអ៊ីតាលីទៀត ។ អ្នកខ្លះសួរខ្ញុំថា បដិសេធមិនទៅប្រកួតនៅកម្ពុជា មិនបានទេឬ ? ខ្ញុំសូមឆ្លើយថា ខ្ញុំបដិសេធបាន លុះត្រាតែខ្ញុំឈឺ ឬមានហេតុផលច្បាស់លាស់ថា មិនអាចឡើងប្រកួតបាន ហើយបើនៅសុខៗ ខ្ញុំប្រាប់ថា សុំលុបចោលការប្រកួតវិញ ដូច្នេះ ខ្ញុំត្រូវបង់ប្រាក់ពិន័យទៅឱ្យអ្នកចាត់ចែងកម្មវិធីរកប្រាក់ឧបត្ថម្ភ ហេតុនេះ ខ្ញុំត្រូវតែទៅប្រកួតនៅទីនោះ» ។May be an image of 1 person, wrist watch and indoor

កីឡាករ សុតសាខន បន្តថា ៖ «មនុស្សមួយចំនួនថា ខ្ញុំគាំទ្រគុនខ្មែរ ខ្ញុំសូមប្រាប់ទៅវិញថា ខ្ញុំមិនគាំទ្រទេ ។ បើអ្នកគ្រប់គ្នាពិតជាតាមដានខ្ញុំមែន ពេលខ្ញុំទៅប្រកួតក្នុងកម្មវិធីណាមួយ ខ្ញុំនឹងបង្ហោះក្នុងបណ្តាញសង្គមរហូតថា ជួយគាំទ្រខ្ញុំផង ដូចជា បើខ្ញុំទៅវាយនៅកម្មវិធី Thai Fight ខ្ញុំនឹងប្រាប់ថា ជួបគ្នានៅម៉ោងប៉ុន្មាន ឬបើខ្ញុំទៅវាយនៅប្រទេសបារាំង និងអ៊ីតាលី ខ្ញុំនឹងបង្ហោះរហូត ។ ប៉ុន្តែពេលខ្ញុំមកប្រកួតនៅកម្ពុជា អ្នកទាំងអស់គ្នាមើលឱ្យច្បាស់ទៅថា ខ្ញុំបានបង្ហោះឬអត់ថា ឱ្យគាំទ្រគុនខ្មែរ គឺគ្មានទេ សូមឱ្យពលរដ្ឋថៃយល់ផងថា អាជីពជាអ្នកប្រដាល់ ក៏ត្រូវធ្វើតាមកិច្ចសន្យាដូចគ្នា» ។

សុតសាខន បន្ថែមថា ៖ «ខ្ញុំយល់ពីពលរដ្ឋថៃ តែអ្នកខ្លះបញ្ចេញមតិហួសហេតុពេក រហូតខ្ញុំ និងប្រពន្ធដេកមិនលក់ ហើយធ្វើឱ្យខ្ញុំគ្មានក្តីសុខក្នុងការប្រដាល់ទេ ។ អ្នកខ្លះថា ខ្ញុំលក់ជាតិ មិនស្រឡាញ់កិត្តិយស ហើយខ្ញុំសូមប្រាប់ថា ខ្ញុំស្ពាយ Muay Thai នៅលើខ្នង ។ ខ្ញុំឡើងប្រដាល់តាំងពីអាយុ៦ឆ្នាំ រហូតដល់ឆ្នាំ២០២៣នេះ ខ្ញុំអាយុ៣៦ឆ្នាំ ហើយខ្ញុំយក Muay Thai ទៅតស៊ូជាមួយបរទេស តាំងពីខ្ញុំអាយុ១៨ ឬ១៩ឆ្នាំ រហូតមកដល់ពេលនេះ មានរយៈពេល២០ឆ្នាំហើយ គឺវាមានចាញ់ខ្លះ និងឈ្នះខ្លះ» ។SUDSAKORN SOR KLINMEE VS CHINGIZ ALLAZOV - YouTube

សុតសាខន បន្ថែមទៀតថា ៖ «អ្នកខ្លះថា ដឹងថាគេដើរខ្សែលើហើយ ហេតុអ្វីទៅប្រកួតធ្វើអីទៀត ? គឺការទៅប្រកួតនៅក្រៅប្រទេស គេត្រូវយកគណៈកម្មការប្រទេសគេស្រាប់ទៅហើយ ស្មើប្រមាណ៨០% ។ ខ្ញុំទៅប្រកួតដោយចិត្ត ដោយយក Muay Thai ឱ្យពិភពលោកបានស្គាល់ ហើយខ្ញុំជឿថា អ្នកប្រដាល់គ្រប់រូបច្បាស់ជាយល់ច្បាស់ថា មានអារម្មណ៍បែបណា ។ ពេលនេះ បើទោះជាលទ្ធផលប្រកួតរបស់ខ្ញុំមិនដូចការរំពឹងទុក តែខ្ញុំប្រាប់ថា គ្រប់ការប្រកួតទាំងអស់ ខ្ញុំបានប្រឹងអស់ពីសមត្ថភាពហើយ» ។

ជាចុងក្រោយ សុតសាន និយាយថា ៖ «ខ្ញុំសូមទោសដែលធ្វើឱ្យអ្នកទាំងអស់គ្នាខ្មាស់អៀន តែខ្ញុំបានប្រឹងអស់ពីសមត្ថភាពហើយ ។ អ្នកខ្លះថា ខ្ញុំមិនហ្វឹកហាត់មុន គឺខ្ញុំហ្វឹកហាត់រួចហើយ ហើយគ្មានអ្នកណាម្នាក់ឈរឱ្យគេវាយទេ ហើយបើទទួលបានលទ្ធផលចាញ់ ត្រូវគេជេរ បើឈ្នះ គេសរសើរ ។ បើការសម្រេចចិត្តលើកនេះធ្វើឱ្យបងប្អូនជនជាតិថៃខូចចិត្ត ឬខកបំណង ឱ្យខ្ញុំសូមទោសចេញពីបេះដូងអ្នកប្រដាល់ធម្មតារូបនេះផង ។ ខ្ញុំគ្មានចេតនាបំផ្លាញ Muay Thai ទេ ហើយសូមអ្នកទាំងអស់គ្នាយល់តែបន្តិចក៏បាន មិនចាំបាច់យល់ទាំងអស់ទេ ដែលទាំងអស់គ្នាថា ខ្ញុំបំផ្លាញ Muay Thai គឺមិនដូចការចោទប្រកាន់ទេ» ។No photo description available.

គួរបញ្ជាក់ថា សារព័ត៌មានថៃស្ទើរទាំងអស់បានចុះផ្សាយព័ត៌មានរិះគន់កីឡាគុនខ្មែរ និងក្រោយមក សារព័ត៌មានទាំងនេះបានចុះផ្សាយពាក់ព័ន្ធនឹងរឿងរ៉ាវផ្សេងៗថា ខ្មែរយករបស់គេ ហើយពួកគេបានបំផុសគំនិតឱ្យពលរដ្ឋថៃមានគំនិតជាតិនិយមជ្រុល និងប្រកាន់ពូជសាសន៍ ៕ ប្រភព ៖ Thairath