សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបញ្ចប់តំណែងមន្ត្រីអាកាសចរស៊ីវិលម្នាក់ឈ្មោះ បែល វ៉ាន់ដែត មានតួនាទី ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ព្រោះតែការដកកាំភ្លើងភ្ជង់អ្នកដទៃរឿងស៊ីប្លេរថយន្ត។
«បើតុលាការមិនចាត់ការតាមផ្លូវច្បាប់ទេទុកឱ្យខ្ញុំដាក់វិន័យតាមផ្លូវរដ្ឋសិន។ អាងមានអំណាចប្រើប្រាស់អាវុធគំរាមអ្នកទន់ខ្សោយ។ នេះជាសារព្រមានចំពោះមន្ត្រីទាំងអស់សូមកុំអាងអំណាចធ្វើ បាបអ្នកទន់ខ្សោយ ជាពិសេសសូមកុំប្រើប្រាស់អាវុធខុសច្បាប់។ សូមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការសូមកុំឲ្យឱ្យជនល្មើសប្រើប្រាស់អាវុធខុសច្បាប់បាននៅក្រៅឃុំមុនពេលកាត់ទោសដែលជននោះអាចតាមគំរាមកំហែងដល់អ្នកផ្សេងទៀត»។ នេះជាការបញ្ជាក់របស់ សម្តេចតេជោ នៅលើបណ្តាញសង្គមតេលេក្រាម ជាមួយ អនុក្រឹត្យបញ្ចប់មុខតំណែងលោក បែល វ៉ាន់ដែត។
គួរបញ្ជាក់ផងដែរថា កម្លាំងសមត្ថកិច្ចបានឈានទៅឃាត់ខ្លួន ហើយបានបញ្ជូនលោក បែល វ៉ាន់ដែត ទៅកាន់តុលាការនៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ដោយសំណុំរឿងនេះផ្តើមចេញពីរឿងស៊ីផ្លេរថយន្តរបស់លោកឆែ វណ្ណម៉ូលីវ័ន្ត ទៅលើលោក បែល វ៉ាន់ដែត
កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នំា២០២៣ ដោយជនសង្ស័យអាយុ៣៨ឆ្នាំរូបនេះបានដកកាំភ្លើងខ្លីភ្ជង់ទៅលើជនរងគ្រោះពីក្នុងរថយន្ត ដោយសួរថា «មុនហ្នឹងស៊ីប្លេដាក់នរណា? រួចក៏បើកថយន្តគេចខ្លួនបាត់»៕












