យោងតាមការចេញផ្សាយរបស់គេហទំព័រ “ផ្លូវល្បើនលឿនភ្នំពេញ-ព្រះសីហនុ” បានឱ្យដឹងថា តាមពិតទៅ នៅតាមដងផ្លូវល្បឿនលឿនគឺមានកន្លែងផ្តល់សេវាកម្ម ក្នុងនោះមានដូចជា ស្ថានីយ៍ប្រេងឥន្ធនៈ ចំណតឡាន កន្លែងឈប់សម្រាក អាហារដ្ឋាន បន្ទប់ទឹកនិងយាន្តដ្ឋាន ជាដើម ដែលអាចបំរើសេវាកម្មចាំបាច់ជូនអ្នកធ្វើដំណើរផ្លូវឆ្ងាយបានដោយមិនមានក្តីព្រួយបារម្ភនោះឡើយ។
តែយ៉ាងណា អ្នកបើកបរ ត្រូវចាប់អារម្មណ៍មើលស្លាកសញ្ញានៅលើដងផ្លូវឱ្យបានច្បាស់ជាមុនសិន មុនចូលចតជៀសវាងបញ្ហាគ្រោះថ្នាក់ផ្សេងៗអាចកើតមានឡើង។ ជាក់ស្តែងប្រសិនបើអស់សាំងពាក់កណ្តាលផ្លូវត្រូវបត់ចូលគន្លងបន្ទាន់ រួចទាក់ទងទោកាន់ទីភ្នាក់ងារនៅទីនោះ ជាការស្រេច។
សូមបញ្ជាក់ថា ផ្លូវល្បឿនលឿននេះ ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមមួយដែលចំណាយថវិកាសាងសង់ប្រមាណ ២ ពាន់លានដុល្លារអាមេរិក ដោយ ផ្លូវនេះមានទទឹងតួសរុប ២៤,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០សង់ទីម៉ែត្រ ចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ហើយគន្លងនីមួយៗមានទទឹង ៣,៧៥ម៉ែត្រ ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរក្នុងល្បឿនរហូតដល់ ១០០ ទៅ ១២០គីឡូម៉ែត្រក្នុងមួយម៉ោង។
ពលរដ្ឋជាច្រើន បាន និងកំពុងទន្ទឹងរង់ចាំធ្វើដំណើរលើផ្លូវដ៏ស្រស់ស្អាត និងទំនើបបំផុតរបស់កម្ពុជាមួយនេះជាខ្លាំង។ ផ្លូវល្បឿនលឿន ( ភ្នំពេញ-ព្រះសីហនុ គឺជាតំបន់ដែលមានសក្តានុពលពាណិជ្ជកម្ម និង ទេសចរណ៍ ជាប់ ឆ្នេរសមុទ្រ នឹងអាចបញ្ចប់ការសាងសង់ មុនកាលកំណត់ ហើយគ្រោងនឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ ២០២២ ខាងមុខ៕










