ប្រទេសអេត្យូពី ៖ អេត្យូពី គឺជាប្រទេសមួយស្ថិតនៅតំបន់អាហ្វ្រិកខាងកើតបានប្រឈមនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ខណៈគ្មានភ្លៀងធ្លាក់អស់រយៈពេល៣ឆ្នាំជាប់ៗគ្នា ហើយបានធ្វើឱ្យសត្វចិញ្ចឹមងាប់អស់ជាច្រើនក្បាលជាបន្តបន្ទាប់ ។ មន្ត្រីរដ្ឋាភិបាលក្នុងតំបន់បារម្ភថា នៅថ្ងៃខាងមុខឆាប់ៗនេះ នឹងមានអ្នកស្លាប់ដោយសារគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ។
គ្រោះរាំងស្ងួតឈានដល់វិបត្តិធ្ងន់ធ្ងរនេះ ដោយសារប្រទេសអេត្យូពីគ្មានភ្លៀងធ្លាក់អស់រយៈពេល៣ឆ្នាំហើយ ដែលបណ្តាលឱ្យសត្វជាច្រើនក្បាលក្នុងភូមិ Kurakalicha ស្ថិតនៅភាគខាងត្បូងប្រទេសងាប់ជាបន្តបន្ទាប់ ។ ក្រៅពីនេះ គេបារម្ភថា ពលរដ្ឋនឹងត្រូវស្លាប់ដូចគ្នាដែរ បើមានគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរបែបនេះបន្តទៀត ។ ជាក់ស្តែង បច្ចុប្បន្ន មានពលរដ្ឋជាង១០០នាក់បានរស់នៅក្រោមភាពអត់ឃ្លានយ៉ាងខ្លាំង ក្នុងនោះមានកុមារ មនុស្សចាស់ និងស្ត្រីមានផ្ទៃពោះ ។
តំបន់ភាគខាងត្បូងរបស់ប្រទេសនេះ មានអាកាសធាតុស្រដៀងគ្នានឹងប្រទេសជិតខាងរបស់ខ្លួនដែរ គឺប្រទេសសូម៉ាលី និងកេនយ៉ា ខណៈប្រទេសទាំងពីរនេះ ក៏កំពុងប្រឈមនឹងគ្រោះរាំងស្ងួតខ្លាំងក្លាបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ ។ ក្នុងរយៈពេល៥ឆ្នាំកន្លងមក ប្រទេសសូម៉ាលី និងកេនយ៉ា គ្មានភ្លៀងធ្លាក់ទេ ហើយគេគិតថា នឹងគ្មានភ្លៀងបែបនេះបន្តទៀត ។
កាលពីខែមីនាកន្លងមក បណ្តាអ្នកវិភាគនិយាយថា ប្រទេសសូម៉ាលីជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរបំផុត និងមានពលរដ្ឋចំនួន៤៣.០០០នាក់បានស្លាប់ដោយសារគ្រោះរាំងស្ងួតកាលពីឆ្នាំ២០២២ ។ រីឯមន្ត្រីផ្នែកជំនួយមនុស្សធម៌និយាយថា រយៈពេលមិនយូរទេ នឹងមានមនុស្សស្លាប់ដោយសារគ្រោះរាំងស្ងួតដ៏ខ្លាំងក្លានេះ ។
តាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរថា ធនធានធម្មជាតិដែលមានស្រាប់ គឺមិនគ្រប់គ្រាន់ដើម្បីឱ្យប្រទេសអេត្យូពីទទួលបានជំនួយផ្នែកមនុស្សធម៌ឡើយ ។ ចំណែកទិន្នន័យរបស់អង្គការសហប្រជាជាតិថា មានពលរដ្ឋប្រមាណ១២លាននាក់បានរស់នៅក្នុងសភាពអត់ឃ្លាន ខណៈតំបន់ជាច្រើនជួបគ្រោះរាំងស្ងួត ៕
ប្រភព ៖ Tnn earth










