ប្រទេសម៉ាឡេស៊ី ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Dato Sri Anwar Ibrahim បានផ្តល់បទសម្ភាសន៍ទៅកាន់ស្ថានីយទូរទស្សន៍ CCTV របស់ចិនថា ប្រទេសម៉ាឡេស៊ីគាំទ្រឱ្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ប្រកាន់នូវគោលជំហរអព្យាក្រឹត ដើម្បីជួយការពារមិនឱ្យតំបន់នេះកើតស្ថានការណ៍តានតឹង ។
លោក Anwar Ibrahim ថ្លែងបន្តថា សមាជិកអាស៊ានកំពុងតែធ្វើការដើម្បីការពារស្ថេរភាពក្នុងតំបន់មិនឱ្យក្លាយទៅជាកន្លែងប្រកួតប្រជែងគ្នាផ្នែកកងទ័ព ព្រមទាំងបង្ហាញការព្រួយបារម្ភអំពីកិច្ចព្រមព្រៀង Orcus ដែលជាកិច្ចព្រមព្រៀងសន្តិសុខត្រីភាគីរវាងប្រទេសអូស្ត្រាលី អង់គ្លេស និងអាមេរិក ។ លោកថា កិច្ចព្រមព្រៀង Orcus នឹងធ្វើឱ្យប្រទេសអូស្ត្រាលីអាចកាន់កាប់កងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងមានការផ្តល់ជំនួយបច្ចេកវិទ្យាពីអាមេរិក និងអង់គ្លេសផងដែរ ។
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្លែងបន្តថា ប្រទេសម៉ាឡេស៊ីមិនគាំទ្រកិច្ចព្រមព្រៀង Orcus ទេ ពីព្រោះវានឹងធ្វើឱ្យស្ថានការណ៍កងទ័ពក្នុងតំបន់តានតឹង និងឈានទៅរកការបង្កជម្លោះជាមួយគ្នា ។ លោកបន្តថា ចំណែកតំបន់អាស៊ានចាំបាច់ត្រូវតែមានឯករាជ្យ និងប្រកាន់នូវគោលជំហរអព្យាក្រឹត ជាពិសេស ក្នុងអំឡុងពេលមានសង្គ្រាមត្រជាក់ ដើម្បីចៀសវាងការធ្វើឱ្យស្ថានការណ៍តានតឹង ហើយអាស៊ានក៏មិនត្រូវការក្លាយជាតំបន់ប្រកួតប្រជែងគ្នាផ្នែកកងទ័ពដែរ ។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា ប្រទេសម៉ាឡេស៊ីប្រកាន់ខ្ជាប់នូវគោលការណ៍ប្រទេសចិនតែមួយ និងការពារបូរណភាពទឹកដីរបស់ប្រទេសផ្សេងៗ ៕
ប្រភព ៖ TNN World










