គេបានផលិតសម្បកកង់រថយន្តឡើងពីវត្ថុធាតុដើមជ័រកៅស៊ូជាលើកដំបូងនៅឆ្នាំ១៨៩៥ ក្រោយពីនៅសម័យមុន គេផលិតវាឡើងពីឈើ និងដែក ។ ដូច្នេះ វាគ្មានប្រសិទ្ធភាពល្អគ្រប់គ្រាន់ក្នុងការបើកបរនៅលើផ្លូវទេ បើធៀបនឹងកំណើនយានយន្តនៅពេលនោះ ។
នៅសម័យនោះ គេបានយកវត្ថុធាតុដើមផ្សេងៗមកផ្សំបញ្ចូលគ្នាដើម្បីផលិតសម្បកកង់រថយន្ត ក្នុងគោលបំណងបង្កើនភាពរឹងមាំ ប្រើប្រាស់បានយូរ និងអាចបញ្ចេញកំដៅបានយ៉ាងល្អ ។ ក្រោយមកទៀត គេក៏បានយកសារធាតុ Carbon Black ដែលជាវត្ថុធាតុដើមមានសារធាតុគីមីមកប្រើប្រាស់ក្នុងសម្បកកង់រថយន្ត រហូតមកដល់បច្ចុប្បន្ននេះ ។
ការរួមផ្សំសារធាតុ Carbon Black ប្រមាណ៥០% ទៅក្នុងការផលិតសម្បកកង់រថយន្ត គឺនឹងធ្វើឱ្យសម្បកកង់រថយន្តមានគុណសម្បត្តិអាចធន់នឹងការសឹករេចរិលរហូតដល់១០០ដងឯណោះ ។ ហេតុនេះហើយ ការរួមផ្សំសារធាតុ Carbon Black នេះបានធ្វើឱ្យសម្បកកង់រថយន្តក្លាយទៅជាពណ៌ខ្មៅ ។
សម្បកកង់រថយន្តមានពណ៌ខ្មៅ ក្រៅពីវាមានគុណសម្បត្តិជួយបង្កើនប្រសិទ្ធភាពរបស់សម្បកកង់រថយន្តឱ្យងាយស្រួលប្រើប្រាស់ក្នុងសម័យបច្ចុប្បន្នហើយ វាក៏បានជួយកាត់បន្ថយស្នាមប្រឡាក់ផ្សេងៗច្រើនជាងពណ៌ស ។ លើសពីនេះ យើងក៏ងាយស្រួលក្នុងការសម្អាតវាផងដែរ ព្រមទាំងជួយឱ្យរថយន្តមើលទៅស្រស់ស្អាត និងល្អឥតខ្ចោះ ៕
ប្រភព ៖ sanook










