Home ព័ត៌មានអន្តរជាតិ ប្រទេសចិនប្រកាន់ជំហរបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់

ប្រទេសចិនប្រកាន់ជំហរបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់

71
0

ប្រទេសចិន ៖ កាលពីថ្ងៃទី៧ ខែមេសា លោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ចិនបានថ្លែងថា ការបង្រួបបង្រួមទឹកដីប្រទេសចិនតែមួយ នឹងទទួលបានជោគជ័យយ៉ាងពិតប្រាកដ ។ លោកស្រីបានដាស់តឿនគណបក្ស Democratic Progressive ឱ្យលុបចោលគោលការណ៍បែងចែកទឹកដី និងប្រឆាំងការប្រគល់ឯករាជ្យទៅឱ្យតៃវ៉ាន់ផងដែរ មិនថាក្នុងវិធីណាទេ ។

ប្រទេសចិនបានប្រើប្រាស់វិធានការដាច់ខាតដើម្បីជំទាស់ការលូកដៃពីប្រទេសខាងក្រៅ និងការទាមទារបំបែកខ្លួនរបស់តៃវ៉ាន់ ។ លើសពីនេះ ចិនបានអំពាវនាវឱ្យអាមេរិកអនុវត្តតាមគោលការណ៍ប្រទេសចិនតែមួយយ៉ាងពិតប្រាកដ ដោយអនុវត្តនូវបទប្បញ្ញត្តិសេចក្តីថ្លែងការណ៍រួមចំនួន៣ច្បាប់រវាងប្រទេសចិន និងអាមេរិក ព្រមទាំងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងតៃវ៉ាន់យ៉ាងប្រុងប្រយ័ត្ន ។

ក្រោយពីអ្នកសារព័ត៌មានសួរពីករណីលោកស្រី Tsai Ing-wen មេដឹកនាំតៃវ៉ាន់បានធ្វើដំណើរត្រឡប់មកកាន់តៃវ៉ាន់វិញ តើប្រទេសចិនយល់ឃើញយ៉ាងណាអំពីការធ្វើដំណើរទស្សនកិច្ចទៅកាន់ទឹកដីអាមេរិករបស់មេដឹកនាំតៃវ៉ាន់រូបនេះ ? លោកស្រី Zhu Fenglian ឆ្លើយតបថា យើងបានបញ្ជាក់ច្រើនដងហើយអំពីគោលជំហរប្រទេសចិនតែមួយ ហើយការទៅកាន់ទឹកដីអាមេរិករបស់លោកស្រី Tsai Ing-wen អាចធ្វើឱ្យគ្រប់គ្នាមើលឃើញយ៉ាងច្បាស់ថា វាគ្រាន់តែជាលេសប៉ុណ្ណោះ ប៉ុន្តែការពិត តៃវ៉ាន់ចង់ពឹងពាក់អាមេរិកក្នុងការស្វែងរកឯករាជ្យ និងផ្តាច់ខ្លួនចេញពីប្រទេសចិន ។

កាលពីពេលកន្លងមក លោកស្រី Zhu Fenglian បានថ្លែងថា គណបក្ស Democratic Progressive តែងជំទាស់នឹងគោលការណ៍ប្រទេសចិនតែមួយរហូតមក ដោយពួកគេសុខចិត្តធ្វើជាអ្នកចាញ់ប្រៀបអាមេរិក ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនផ្នែកនយោបាយ ។ ប៉ុន្តែជាចុងក្រោយ គណបក្សនេះបានត្រឹមតែជំរុញឱ្យតៃវ៉ាន់ធ្លាក់ក្នុងគ្រោះថ្នាក់នៃសង្គ្រាម និងនាំមកនូវគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ពលរដ្ឋតៃវ៉ាន់ ៕

ប្រភព ៖ China face