ក្រសួងសុខាភិបាលនៅថ្ងៃទី៨ ខែមេសា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកុំភ្លេចការពារខ្លួនពីជំងឺកូវីដ ផ្តាសាយបក្សី រួមទាំងករណីពុលចំណីអាហារ ឬពុលស្រា ស ដែលរៀបចំមិនត្រឹមត្រូវ នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋក្នុងឱកាសចូលឆ្នាំដូចជា៖ មិនត្រូវភ្លេចការពារខ្លួនពីជំងឺកូវីដ១៩ ទោះបីជាបច្ចុប្បន្នមានការថយចុះការឆ្លងក្នុងប្រទេសកម្ពុជា ដើម្បីចៀសវាងពីគ្រោះមហន្តរាយសុខភាពសាធារណៈធ្ងន់ធ្ងរ។
ក្នុងនោះក្រសួងសុខាភិបាលក៏ក្រើនរំលឹកពីជំងឺផ្តាសាយបក្សីដូចគ្នា ដោយត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តន៍រស់នៅស្អាត និងចំណីត្រូវចម្អិនឱ្យបានឆ្អិនល្អ ត្រូវរក្សាទុកដាក់អាហារឆៅ និងឆ្អិន នៅដាច់ដោយឡែកពីគ្នាជាចាំបាច់ និងត្រូវទុកដាក់ចំណីអាហារនៅក្នុងសីតុណ្ហភាពមានសុវត្ថិភាព។ ករណីសង្ស័យថាមានឆ្លងវីរុសផ្តាសាយបក្សី ដោយមានរោគសញ្ញាទូទៅរួមមាន គ្រុនក្ដៅលើសពី ៣៨.៥ អង្សាសេ ក្អក និង ពិបាកដកដង្ហើម និងមានប្រវត្តិប៉ះពាល់បសុបក្សីឈឺ ឬស្លាប់ ក្នុងអំឡុង១៤ថ្ងៃមុនចេញរោគសញ្ញា សូមទូរស័ព្ទទៅលេខ ១១៥ និងប្រញាប់ទៅកាន់មន្ទីរពេទ្យដែលនៅជិតផ្ទះ។
បន្ថែមពីលើនេះ ដាច់ខាតមិនត្រូវទិញ ឬផលិត ឬបរិភោគស្រា ស ដែលមិនមានប្រភពផលិតច្បាស់លាស់ ហើយមិនគោរពតាមបទដ្ឋាន បច្ចេកទេសត្រឹមត្រូវ ឬយកមេតាណុលមកលាយធ្វើជាស្រា ស ដែលបង្កឱ្យមានការពុលរហូតដល់ស្លាប់បាត់បង់ជីវិត។ ចៀសវាងការយកស្រា ស ឬស្រាផ្សេងៗ ទៅលាយជាមួយស្រាផ្សេងទៀត ឬជាមួយភេសជ្ជៈណាមួយទៀត ដែលមិនបានដឹងពីប្រតិកម្មរបស់វា ដែលបង្កឱ្យពុល និងអាចមានគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ៕










