ទេព ពិសិដ្ឋ តារាចម្រៀងវ័យក្មេងក្នុងទ្រនំហង្សមាស កាន់តែមានសន្ទុះគាំទ្រខ្លាំងរយៈពេលចុងក្រោយនេះ បន្ទាប់ពីបោះជំហានចូលក្នុងវិស័យរ៉េប រហូតមានការលើកឡើងជាបន្តបន្ទាប់ថា ទេព ពិសិដ្ឋ ជាអ្នករ៉េបជំនាន់ថ្មីរះក្នុងចិត្តមហាជន បន្ទាប់ពី វណ្ណដា និង ជី ដេវីត ។
បើនិយាយពីបទចម្រៀងរ៉េប អ្នកគាំទ្រតែងនឹកគិតដល់ វណ្ណដា និង ជី ដេវីត មុនគេក្នុងយុគ្គសម័យថ្មីនេះ ព្រោះអ្នកទាំងពីរទទួលបានការគាំទ្រខ្លាំងមិនធម្មតាតាមបែបផែនផ្សេងៗគ្នា។ ជាមួយគ្នានេះ សម្រាប់អ្នកជំនាន់ថ្មីវិញ អ្នកគាំទ្រមើលឃើញថា ទេព ពិសិដ្ឋ ទទួលបានមានផ្លែផ្កាមិនធម្មតាបន្ទាប់ពីផ្លាស់ប្តូរស្ទាយថ្មីប្រឡូកក្នុងវិស័យរ៉េបវិញម្តង ក្រោយស្ងប់ស្ងាត់មួយរយៈលើអាជីពចម្រៀង។
ម្ចាស់ពាន The Voice Kid Cambodia រដូវកាលទី២ ទេព ពិសិដ្ឋ មិនធ្វើឱ្យអ្នកគាំទ្រខកចិត្តនោះទេ ក្នុងនាមជាម្ចាស់ពានមួយរូបក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក។ ដ្បិតកន្លង តារាចម្រៀងវ័យក្មេងរូបនេះពុំសូវមានភាពលេចធ្លោខ្លាំងបន្ទាប់ពីក្លាយជាម្ចាស់ពានក្តី និងមិនលេចមុខលើឆាកតន្រ្តីនានាព្រោះតែគ្មានបទផ្ទាល់ខ្លួន តែរយៈពេលចុងក្រោយនេះ ទេព ពិសិដ្ឋ កំពុងអង្រួនវិថីសិល្បៈហើយបន្ទាប់ពីផ្លាស់ស្ទាយ៍ច្រៀងពីបទមនោសញ្ចេតនាមកច្រៀងបែបរ៉េបវិញម្តង។
ជាក់ស្តែង បទ «Money» របស់ ទេព ពិសិទ្ធ ដែលផលិតកម្មហង្សមាសទម្លាក់ MV កាលជាង១ខែមុន ទទួលបានការគាំទ្រមិនធម្មតា។ បន្ទាប់ពីទទួលបានជោគជ័យមួយជំហានហើយម្ចាស់ពានរូបនេះបានបញ្ចេញឃ្លាចម្រៀងខ្លីមួយ «ឆ្នាំនេះបើបានទៅសៀមរាប ប្រហែលសប្បាយខ្លាំងហើយ…» កាន់តែទទួលបានការគាំទ្របន្ថែមទៀត រហូតផលិតកម្មហង្សមាសបានទម្លាក់បទFull តែម្តងកាលពីយប់មិញនេះ មានចំណងជើងថា «HOMETOWN»។
គ្រាន់តែទម្លាក់បទថ្មីភ្លាមអ្នកគាំទ្រកោតសរសើរ ទេព ពិសិដ្ឋ មិនដាច់ពីមាត់ពីទេពកោសល្យរ៉េបរបស់តារាចម្រៀងវ័យក្មេងរូបនេះ។ បន្ថែមពីលើនេះ ទេព ពិសិដ្ឋ ក៏បានចាប់ដៃជាមួយរៀមច្បង គឺលោក ហ្សូណូ ផងដែរគ្រាន់តែបញ្ចេញសំនៀងខ្លីប៉ុណ្ណោះតែទទួលបានការគាំទ្រមិនធម្មតានៅលើបណ្តាញសង្គមទិកតុក។
សន្ទុះការគាំទ្រទាំងនេះហើយ ទើបធ្វើឱ្យអ្នកលេងបណ្តាយសង្គម ជាពិសេសអ្នកចូលចិត្តខាងចម្រៀងរ៉េប បានលើកឡើងថា ទេព ពិសិដ្ឋ ជាពន្លកអ្នករ៉េបជំនាន់ថ្មីដែលកំពុងរះក្នុងចិត្តមហាជនបន្ទាប់ពីរៀមច្បង វណ្ណដា និង ជី ដេវីត៕










