អ្នកស្នេហាវិស័យប្រដាល់គុនខ្មែរប្រាកដជាជ្រាបមកហើយថាកីឡាប្រដាល់ ធីអាហ្គោ សញ្ជិតិប្រេស៊ីល ត្រូវខាង ស្ថាប័នមួយថៃពិភពលោក (WMO ) ប្រកាសដកខ្សែក្រវ៉ាត់ពីកីឡាកររូបនេះដែលទើបឈ្នះពីប្រទេសអាល្លឺម៉ង់ដោយសារតំណាងឱ្យគុនខ្មែរ ខណៈក៏ធ្លាយដំណឹងដែរថា (WMO ) នៅមិនទាន់ឱ្យតម្លៃខ្លួនដល់ ធីអាហ្គោ ឡើយ។

ដំណឹងនៃការដកខ្សែក្រវ៉ាត់ រួមទាំងមិនទាន់ទទួលបានប្រាក់ អ្នកស្នេហាប្រដាល់គុនខ្មែរ បានបង្ហាញអារម្មណ៍សោកស្តាយ និងអាណិតយ៉ាងខ្លាំងទៅដល់កីឡាករ ធីអាហ្គោ ដែលត្រូវស្ថាប័នមួយថៃពិភពលោកធ្វើដាក់បែបនេះ។

ដោយឃើញទង្វើមិនគប្បីពីប្រទេសជិតខាងកម្ពុជា លោកជំទាវបណ្ឌិតសភាចារ្យ
ភឿង សកុណា រដ្ឋមន្រ្តីរប្បធម៌និងវិចិត្រសិល្បៈ និង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រកាសឧបត្ថម្ភម្នាក់១០០០ដុល្លារ ដល់កីឡាករប្រដាល់ប្រេស៊ីល រូបនេះផងដែរ ។

ការឧបត្ថម្ភនេះលោកជំទាវធ្វើឡើងជាការលើកទឹកចិត្តចំពោះកីឡាករ ធីអាហ្គោ ដែលជានិច្ចកាលតែងតែជួយលើកតម្កើងតម្លៃនៃវប្បធម៌ខ្មែរ ផ្សព្វផ្សាយនៅលើឆាកជាតិ និងអន្តរជាតិ។

ចំណែកឯ ឯកឧត្តម ខៀវ កាញារីទ្ធ លោកមានប្រសាសន៍ថា «ឃើញគេមិនឱ្យលុយអ្នកប្រដាល់ប្រេស៊ីលព្រោះប្រើគុនខ្មែរផ្តួលគុនថៃ កីឡារមែងមានឈ្នះមានចាញ់ តែបើគេយករឿងឈ្មោះកីឡាមកជាលេស ( គេត្រូវហាមមុនឡើងប្រដាល់ ) សូមខ្មែរយើងជួយផ្តល់លុយទៅកីឡាករនោះវិញផង ។ ខ្ញុំផ្ទាល់សូមផ្ញើលុយ ១ ០០០ ដុល្លារទៅគាត់ តាមរយៈសមាគមប្រដាល់គុនខ្មែរយើង»។

ទន្ទឹមនឹង ធីអាហ្គោ ទទួលបានការសណ្តោសប្រណីពីថ្នាក់ដឹកនាំទាំងទ្វេ ងាកទៅមហាជនអ្នកស្នេហាកីឡាប្រដាល់គុនខ្មែរវិញនៅតែទទូចឱ្យខាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលមានឯកឧត្តម តែម ម៉ឺន ជាប្រធាន ចេញសេចក្តីថ្លែងការណ៍ណាមួយទៅខាងស្ថាប័ន WMO ដើម្បីជួយឈឺឆ្អាលដល់កីឡាករប្រដាល់ ធី អាហ្គោ ដែលជួយជ្រោមជ្រែងឱ្យវិស័យគុនខ្មែរ៕