នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ នេះ ក្រសួងអប់រំយុវជន និងកីឡា បានចេញសេចក្តីណែនាំទៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជន អំពីការរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព របៀបរៀបរយអំឡុងពេលរៀបចំសង្ក្រានឆ្នាំថ្មី ដោយកន្លងមកក្រសួងសង្កេតឃើញថាសិស្សានុសិស្សមួយចំនួននៅតាមសាលាបាននិងកំពុងលេងល្បែង ដែលមិនមែនជាល្បែងប្រជាប្រិយខ្មែរ រួមមាន លេងបាញ់ទឹក ជះទឹក គប់ស្បោង ទឹក លាបម្សៅ ជាដើម។
ដើម្បីទប់ស្កាត់ និងចៀសវាង បាតុភាពកើតឡើងជាយថាហេតុ និងធានាបាននូវភាពថ្លៃថ្នូរ ព្រមទាំងសុខ សុវត្ថិភាព ដល់សិស្សានុសិស្ស ក្រសួងអប់រំ បានណែនាំដល់ដល់សាលាមានដូចខាងក្រោម៖

១. ហាមឃាត់ជាដាច់ខាត និងទប់ស្កាត់ជាបន្ទាន់រាល់ល្បែងទាំងឡាយណាដែលមិនមែនជាល្បែង ឬរបាំ ប្រជាប្រិយខ្មែរ និងល្បែងមួយចំនួនដែលប្រឈមនឹងហានិភ័យ អសុវត្ថិភាព និងបង្កឱ្យមានគ្រោះថ្នាក់ ដូចជាលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបម្សៅ ដែលធ្វើឱ្យប៉ះពាល់ដល់ភាពថ្លៃថ្នូរដ៏ផូរផង់របស់ ជាតិ និងមិនស័ក្តិសមជាកុលបុត្រកុលធីតាខ្មែរ។

២. គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន ត្រូវរៀបចំបែងចែកការទទួល ខុសត្រូវតាមថ្ងៃ តាមវេនដើម្បីជួយសម្របសម្រួល ឱ្យសិស្សានុសិស្សបានចូលរួមលេងល្បែងប្រជាប្រិយ ខ្មែរ ប្រកបដោយភាពសប្បាយរីករាយ និងមានសុវត្ថិភាព។
៣. ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព និងអនាម័យចៀសវាងការឆ្លងជំងឺរាតត្បាតផ្សេងៗ។
៤. សហការជិតស្និទ្ធជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស សហគមន៍ អាជ្ញាធរដែនដី ដើម្បីផ្តល់ និង ទទួលព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាពអវិជ្ជមានផ្សេងៗ ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បី ផ្តល់ការអប់រំ ណែនាំ និងកែលម្អបានទាន់ពេលវេលា៕










