សម្លកកូរ គឺជាសម្លបែបប្រពៃណីរបស់កម្ពុជា។ សម្លនេះត្រូវបានគេចាត់ទុកជាមុខម្ហូបមួយចំណោមសម្លផ្សេងៗទៀតរបស់ជាតិខ្មែរផងដែរ។
ខុសពីមុខម្ហូបខ្មែរផ្សេងទៀត ម្ហូបនេះអាចធ្វើជាម្ហូបមួយចានបាន ព្រោះវាជាអាហារដែលមានតុល្យភាពល្អដោយខ្លួនឯង។ អ្នកខ្លះពេញនិយមចូលចិត្តសម្លកកូរដែលជាម្ហូបមានឱជារសជាតិឆ្ងាញ់ពិសា ។ សម្លកកូរមានគ្រឿងផ្សំច្រើនបន្តិចតែសុទ្ធតែជាបន្លែធម្មជាតិ និងប្រើរយៈពេលយូរបន្តិចក្នុងការចម្អិនម្ហូបបែបនេះ។ សម្លកកូរជាអាហារបែបធម្មជាតិភាគច្រើនផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពបានល្អប្រសើរនៅពេលបរិភោគអាហារនេះ។
ថ្វីបើមានប្រជាពលរដ្ឋខ្មែរសឹងតែទាំងអស់ស្គាល់សម្លកកូរ ក៏ប៉ុន្តែសម្រាប់ប្រវត្តិនៃសម្លនេះប្រហែលជាមិនសូវមានអ្នកដឹងប៉ុន្មាននោះទេ ដូច្នេះថ្ងៃនេះសារព័ត៌មាន KBN នឹងធ្វើការបកស្រាយលំអិតប្រវត្តិនៃសម្លកកូរ។
កាលនោះមានរឿងដំណាលថា មានព្រះអង្គម្ចាស់មួយអង្គព្រះនាម គុជមនោរាជ។ ថ្ងៃមួយព្រះអង្គចង់យាងទៅប្រពាតព្រៃក៏គង់នៅលើសេះ ដើម្បីទៅបរបាញ់សត្វព្រៃកម្សាន្តហឫទ័យមួយអង្គឯងដោយពុំឲ្យនរណាម្នាក់ដឹងឡើយ។ ពេលទៅដល់ក្នុងព្រៃ ព្រះអង្គបានសព្វព្រះរាជហឫទ័យស្លុងនឹងសម្រស់ធម្មជាតិ។
ក្នុងខណៈនោះ ព្រះអង្គបានទតឃើញសត្វឈ្លូសមួយក្បាលកំពុងស៊ីស្មៅដោយឥតដឹងខ្លួន។ ព្រះអង្គចង់បញ្ចេញស្នាដៃសាកល្បង ក៏ទាញធ្នូមកបាញ់សំដៅឈ្លូសនោះ ប៉ុន្តែផ្លែព្រួញនោះរត់ទៅមិនចំគោលដៅ បែរទៅជាប់គល់ឈើទៅវិញ ហើយឈ្លូសក៏រត់គេចយ៉ាងលឿន ខណៈដែលព្រះអង្គខំប្រឹងបំផាយសេះដេញតាមកាត់វាលចូលព្រៃដោយមិនគិតពីគ្រោះថ្នាក់ឡើយ។
មិនត្រឹមតែដេញមិនទាន់សត្វនោះ ព្រះអង្គថែមទាំងអស់កម្លាំងហេវហត់ ខ្លួនប្រាណមុតបន្លា ស្នាមមែកឈើវាត់ត្រូវពេញទាំងខ្លួន និងថែមទាំងវង្វេងមិនដឹងទៅខាងណាទៀត។ ខណៈនោះ ព្រះអង្គបានទតឃើញដំបូលផ្ទះមួយនៅឆ្ងាយ ក៏ខំប្រឹងតស៊ូជិះសេះសំដៅទៅភូមិនេះ។
ដោយអស់កម្លាំងពេក ព្រះអង្គក៏សន្លប់ លែងដឹងខ្លួននៅលើខ្នងសេះ ឯសេះក៏ចេះតែដើរទៅមុខរហូតដល់ផ្ទះមួយនៅចុងភូមិ។ ព្រះអង្គត្រូវបានជួយសង្គ្រោះ និងស្នាក់នៅផ្ទះតូចនៃគ្រួសារមួយ មានសមាជិកបីនាក់ ឪពុកម្ដាយ និងកូនស្រីម្នាក់។ រស់នៅទីនោះ ព្រះអង្គតែងតែឃើញគ្រួសារនេះចម្អិនម្ហូបដដែលៗ ដែលមានដាក់បន្លែជាច្រើនមុខ ហើយព្រះអង្គនឹកងឿងឆ្ងល់ក្នុងហឫទ័យក៏សួរទៅកាន់ នាងជាកូនស្រីថា តើនេះជាអ្វី? “គឺសម្ល១០០មុខ” នាងនោះឆ្លើយ។
ងាកមកនិយាយពីព្រះបរមរាជវាំងវិញ មាតាបិតាមានកង្វល់ជាខ្លាំង ដោយបាត់ដំណឹងពីព្រះអង្គម្ចាស់ ហើយបានបញ្ជាគ្រប់ពលសេនាទាំងអស់តាមរកគ្រប់ទីកន្លែង។ គាប់ជូនពលសេនាបានប្រទះឃើញព្រះអង្គខណៈដែលទ្រង់កំពុងតែយាងកម្សាន្តជាមួយនឹងនាងក្រមុំព្រៃភ្នំនៅក្នុងចម្ការមួយ ហើយសេនាក៏បាននាំព្រះអង្គចូលរាជវាំងវិញាក្រោយពីបានស្ដាប់ដឹងដំណើររឿងទាំងអស់។
ពេលបានទៅជួបជុំព្រះមាតាបិតាវិញ អ្វីដែលធ្វើឲ្យទ្រង់នឹងរលឹកជាងគេគឺ នាងក្រមុំដែលបានស្លសម្លម្យ៉ាងមានរសជាតិឆ្ងាញ់ប្លែកមិនដែលជួប។ ព្រះអង្គម្ចាស់បានរៀបរាប់ដំណើររឿងទាំងអស់ប្រាប់ទៅមាតាបិតា ហើយពោលដដែលៗថា “នៅថ្ងៃណាមួយទួលបង្គំនឹងនាំអ្នកទាំងអស់គ្នាឲ្យទៅភ្លក់រសជាតិសម្លនោះ ព្រោះវាមានរសជាតិឆ្ងាញ់ ហើយសោយទៅធ្វើឲ្យស្រួលខ្លួនមានសុខភាពល្អ…”
ដោយចង់បំពេញចិត្តកូន ណាក៏ចង់ដឹងថាតើសម្លនោះមានរសជាតិឆ្ងាញ់ដល់កម្រិតណាបានធ្វើឲ្យបុត្រាខ្លួនរំលឹកមិនដាច់ពីមាត់សោះនោះ ព្រះរាជាក៏បានបញ្ជាពលសេនាឲ្យរៀបចំជំនិះ យាងសំដៅទៅផ្ទះនាងនោះ។ បំពេញសំណូមពររបស់ព្រះរាជា នាងក្រមុំ រួមជាមួយឪពុកម្ដាយនិងញាតិមិត្តទាំងអស់បានមកជុំគ្នាធ្វើសម្ល ១០០ មុខនេះថ្វាយដល់ព្រះរាជា។
សកម្មភាពនៃអ្នកចម្អិន អ្នកខ្លះរកនេះ អ្នកខ្លះរកនោះ បន្ទាប់មកនាំគ្នាផ្សែផ្សំបន្លែ គ្រឿងនិងកូរចូលគ្នា មើលទៅពិតជាស័ក្ដិសមនឹងឈ្មោះនេះណាស់។ ពេលនោះ ព្រះរាជាពិតជាទប់ហឫទ័យមិនបាន ក៏សុំភ្លក់សាកមើល “ឆ្ងាញ់មែន! តែដូចជាខ្វះអ្វីម្យ៉ាង…”។
ព្រះរាជាមានបន្ទូលក្រោយភ្លក់។ ពេលនោះស្រាប់តែព្រះអង្គ ងាកទៅឃើញអង្ករលីងនៅក្បែរនោះ ក៏បង់ចូលទៅក្នុងខ្ទះសម្ល ហើយភ្លក់មើលម្ដងទៀតហើយលាន់មាត់ថា “ឆ្ងាញ់ណាស់ៗ!”។
នឹកមិនអស់ចិត្តនឹងឈ្មោះសម្លនេះ ដោយសារព្រះអង្គទតឃើញសកម្មភាពនៃអ្នកចម្អិនកូររហូតនោះ ព្រះរាជាក៏មានបន្ទូលទៀត “សម្លនេះ ឃើញតែកូរ បើដូរឈ្មោះទៅជាសម្លកកូរទើបត្រូវជាង”។ ពេលនោះ អ្នកស្រុកទាំងអស់នៅទីនោះក៏បានស្រែកហ៊ោគាំទ្រនឹងឈ្មោះថ្មីនៃមុខម្ហូបខ្មែរមួយនេះ។
ព្រះអង្គមានក្ដីសោមនស្សជាខ្លាំងដែលបានស្គាល់ ជួយផ្សំគ្រឿងនិងថែមទាំងបានដូរឈ្មោះសម្ល ដែលមានរសជាតិឆ្ងាញ់របស់ខ្មែរមួយមុខនេះ ហើយចាប់ពីពេលនោះមក សម្លកកូរកាន់តែនិយមចម្អិនជាលំដាប់នៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជារហូតដល់សព្វថ្ងៃនេះ។]
យ៉ាងម៉េចដែរក្រោយពីបានស្ដាប់រឿងដំណាលទាក់ទងនឹងមុខម្ហូបសម្លកកូរខ្មែរ។ គេសង្កេតឃើញថា សម្លមួយមុខនេះមានដើមកំណើតពីអ្នករស់នៅតាមព្រៃដាច់ស្រយាលដែលមានការច្នៃប្រឌិតក្នុងការផ្សំបន្លែដែលមានមកចម្អិនធ្វើជាម្ហូបទទួលទានប្រចាំថ្ងៃប្រកបដោយរសជាតិឆ្ងាញ់ពិសា។ យ៉ាងណាមិញ ដោយសារខ្មែរមានវប្បធម៌ចេះជួយគ្នា ចេះចែករំលែកគ្នាទើបបានធ្វើឲ្យមុខម្ហូបខ្មែរមួយនេះកាន់តែត្រូវបានគេស្គាល់ និងនិយមធ្វើតៗគ្នារហូតដល់ពេលបច្ចុប្បន្ននេះ៕










