ក្រុមតស៊ូមតិថៃមួយបានដាក់សេចក្តីព្រាងច្បាប់ជាផ្លូវការទៅកាន់រដ្ឋសភា ដើម្បីលុបចោលការចាត់ទុកការប្រកបរបរផ្លូវ.ភេទជាបទល្មើសព្រហ្មទណ្ឌ និងទាមទារឱ្យមានការទទួលស្គាល់ការងារនេះជាអាជីពស្របច្បាប់ដូចពលកម្មទូទៅដែរនៅក្នុងប្រទេស ខណៈមុខរបរនេះផ្ដល់ចំណូលចូលជាតិយ៉ាងច្រើន និងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញដែលធ្វើឲ្យជនបរទេសភាគច្រើនចង់មកលេងកម្សាន្តនៅថៃ។

យោងតាមការចុះផ្សាយជាបន្តបន្ទាប់ដោយសារព័ត៌មានល្បីៗដូចជា Khaosod English បានឱ្យដឹងថា អង្គការសង្គមស៊ីវិលដ៏មានឥទ្ធិពលមួយគឺ មូលនិធិ Empower បានដាក់សេចក្តីព្រាងច្បាប់ជាផ្លូវការទៅកាន់រដ្ឋសភាថៃ ដើម្បីស្នើលុបចោលច្បាប់ស្តីពីការបង្ក្រាបការរកស៊ីផ្លូវភេទឆ្នាំ១៩៩៦។
ចលនានេះមានគោលបំណងចម្បងក្នុងការលុបចោលទោសព្រហ្មទណ្ឌលើការប្រកបរបរផ្លូវភេទ និងទាមទារឱ្យប្រព័ន្ធច្បាប់ទទួលស្គាល់អ្នករកស៊ីក្នុងវិស័យនេះជា «ពលករស្របច្បាប់» ដែលមានសិទ្ធិទទួលបានកិច្ចគាំពារសង្គម ប្រាក់ឈ្នួលសមរម្យ និងសុវត្ថិភាពការងារដូចអាជីពដទៃទៀតដែរ។ ចលនានេះក៏ត្រូវបានគាំទ្រផ្នែកនយោបាយមួយផ្នែក និងស្របទៅនឹងរបៀបវារៈរបស់រដ្ឋាភិបាលថៃក្នុងការលើកកម្ពស់សិទ្ធិមនុស្ស ដើម្បីដាក់ពាក្យចូលជាសមាជិកអង្គការ OECD ផងដែរ។.jpg)
ទោះជាយ៉ាងណា យោងតាមរបាយការណ៍សង្ខេបពី Citizen Digital និងការជជែកដេញដោលជាសាធារណៈ សេចក្តីព្រាងច្បាប់នេះបានរងការរិះគន់ និងប្រឆាំងយ៉ាងខ្លាំងក្លាពីសំណាក់ក្រុមអភិរក្សនិយម អង្គការសាសនា និងសកម្មជនការពារសិទ្ធិស្ត្រីបែបប្រពៃណីនៅក្នុងប្រទេសថៃ។ ក្រុមប្រឆាំងបានលើកឡើងនូវក្តីបារម្ភធំៗមួយចំនួនអំពីការបំផ្លាញតម្លៃវប្បធម៌ និងសាសនា, ការកើនឡើងនៃអំពើជួញដូរមនុស្ស និង ប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ។
សូមជម្រាបថា ឧស្សាហកម្មសេវាកម្មផ្លូ.វភេ.ទនៅក្នុងប្រទេសថៃមានការរីកដុះដាល និងពេញនិយមយ៉ាងខ្លាំងទាំងក្នុងចំណោមជនជាតិក្នុងស្រុក និងភ្ញៀវទេសចរបរទេស ដោយយោងតាមទិន្នន័យស្រាវជ្រាវបានបង្ហាញថា មានពលករប្រមាណចន្លោះពី ៣០០,០០០ នាក់ ទៅ ៤៥០,០០០ នាក់ កំពុងប្រកបរបរនេះដោយផ្ទាល់នៅក្នុងតំបន់កម្សាន្តរាត្រីល្បីៗ។ ទោះបីជាវិស័យនេះស្ថិតក្នុងភាពស្របច្បាប់មិនទាន់ពេញលេញក៏ដោយ វានៅតែជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចដ៏សំខាន់ខ្វះមិនបាន ដោយបានបង្កើតចំណូលប្រចាំឆ្នាំចន្លោះពី ៤ ទៅ ៦ ពាន់លានដុល្លារអាមេរិក (ឬរហូតដល់ ៣២ ពាន់លានដុល្លារបើគិតពីសង្វាក់ទេសចរណ៍ផ្សារភ្ជាប់ទាំងមូល) ដែលរួមចំណែកប្រមាណ ២% ទៅ ៣% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃ។ លើសពីនេះ ប្រាក់ចំណូលពីវិស័យនេះ បានជួយទ្រទ្រង់ជីវភាពគ្រួសាររាប់សែនខ្នងនៅតាមតំបន់ជនបទដាច់ស្រយាលតាមរយៈការផ្ញើប្រាក់ទៅផ្ទះ ដែលជាការរួមចំណែកកាត់បន្ថយគម្លាតក្រីក្រក្នុងសង្គមថៃយ៉ាងមានប្រសិទ្ធភាព។.jpg)
សរុបមកការដាក់ស្នើសេចក្ដីព្រាងច្បាប់នេះ ទទួលបានការគាំទ្រនិងប្រឆាំងស្មើគ្នាព្រោះគេនៅមិនទាន់អាចបែងចែកដាច់ស្រេចរវាង«ការកែទម្រង់សិទ្ធិការងារបែបសម័យទំនើប» និង «ការរក្សាតម្លៃវប្បធម៌បែបអភិរក្សនិយម» នៅក្នុងសង្គមថៃនៅឡើយ៕










