នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ តាមការឱ្យដឹងពីលោកស្រី ទ្រី ដាណា ថាកម្មវិធី ដណ្ដើមខ្សែក្រវ៉ាត់ មរតកគុនខ្មែរ NNP គ្រោងចំណាយរង្វាន់មាសសុទ្ធ២តម្លឹង និងលុយសុទ្ធ៤០លានរៀល ជាមួយខ្សែក្រវ៉ាត់ដ៏ស្រស់ស្អាតដែលមានរចនាបថបង្ហាញពីអត្តសញ្ញាណមួយផ្នែកនៃវប្បធម៌។
លោកស្រី ទ្រី ដាណា បានបង្ហាញថាចំណុចពិសេសៗរបស់ខ្សែក្រវ៉ាត់រួមមាន៖
ទី១៖ ខាងលើកំពូលខ្សែមានរូបរាហ៊ូចាប់ច័ន្ទ ដកស្រង់ចេញពីចម្លាក់ក្លោងទ្វារប្រាសាទបន្ទាយស្រី ដែលតំណាងឱ្យសេចក្តីស្រលាញ់ដូចបងប្អូនបង្កើត មិនថាខាងណាឈ្នះ ខាងណាចាញ់ ក៏នៅតែមានចិត្តគោរពគ្នាទៅវិញទៅមក គ្មានចិត្តច្រណែន គ្មានចិត្តគុំកួនគ្នា មានតែពាក្យថាស្រលាញ់ជានិច្ចក្នុងទឹកចិត្តជាកីឡាករ។
ទី២៖ រូបចម្លាក់មនុស្ស២នាក់ប្រកួតគ្នាដែលដកស្រង់ចេញពីប្រាសាទតាព្រហ្ម បញ្ជាក់ពីអត្តសញ្ញាណក្បាច់គុនបុរាណខ្មែរដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ គួរឲ្យតម្លៃ និងរួមគ្នាអភិរក្សបន្តទៀត ដើម្បីឱ្យកាន់តែល្បីសុះសាយជាសកល។
ទី៣៖ រូបចម្លាក់ក្បាច់ដ៏វិចិត្រ ដកស្រង់ចេញពីប្រាសាទបន្ទាយស្រី ជាចម្លាក់យ៉ាងលម្អិតឆ្មារស់រវើកជាងគេ ដែលមានសភាពល្អឆើតឆាយដូចស្រីគ្រប់លក្ខណ៍ ឈ្មោះដើមប្រាសាទបន្ទាយស្រី ហៅថា (ឥសូរបុរៈ ប្រែថា បុរីនៃឥសូរ) សម័យក្រោយមកគេហៅថា ប្រាសាទបន្ទាយស្រី ដោយសារតែរាងតូចច្រឡឹង និងក្បូរក្បាច់រចនាដ៏ស្រស់ស្អាត (រចនាបទទី២ចងក្រងឡើងក្នុងអត្ថន័យលើកកំពស់ការគោរពស្រលាញ់ស្រ្តីនៅលើពិភពលោក)។
ទី៤៖ ពាក្យ មរតក គុនខ្មែរ ជាភាសាអង់គ្លេស ដើម្បីឱ្យបរទេសបានស្គាល់ពាក្យគុនខ្មែរ ហើយស្រាវជ្រាវបន្ថែម និងចង់បង្ហាញថា គុនខ្មែរ បានបន្សល់ទុកពីដូនតារាប់ពាន់ឆ្នាំមកហើយ ជាមរតក ដែលត្រូវរួមគ្នាការពារ និងលើកតម្កើងជានិច្ច។
គួរបញ្ជាក់ថា កម្មវិធីខាងលើនឹងរៀបចំជាផ្លូវការ នៅថ្ងៃទី៦ ខែមេសា ខាងមុខនេះនៅសង្វៀនថោន ហើយវគ្គផ្ដាច់ព្រ័ត្រគ្រោងធ្វើនៅខែមិថុនា ក្នុងនោះក្រៅពីគូប្រកួតដណ្តើមខ្សែក្រវ៉ាត់ ក៏មានគូលក្ខណៈមិត្តភាពអន្តរជាតិ ដែលសាធារណជនអាចចូលរួមទស្សនាដោយសេរីផងដែរ៕












