អ្នកលេងបណ្តាញសង្គមបានចែករំលែកនិងមានចង្ងល់យ៉ាងខ្លាំង ក្រោយពីមន្ទីររប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានបង្ហោះរូបភាពកាលពីពេលថ្មីៗនេះ ដោយមហាជនចោទជាសំណួរថា «ហេតុអ្វីពិធីសុំម្ចាស់ទឹកម្ចាស់ដីរៀបចំសង្ក្រាន្តវត្តភ្នំ ដូចពិធីសែនចូលឆ្នាំចិនទៅវិញ?
កាលពីថ្ងៃទី២៩ ខែមីនា នៅលើផេក «មន្ទីររប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ» បានបង្ហោះរូបភាព បង្ហាញពីពិធីសែនព្រេនសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីបើកការដ្ឋានសាងសង់ និងការរៀបចំសង្ក្រាន្តវត្តភ្នំ ក្នុងថ្ងៃទី១។ នៅក្នុងរូបភាពបានបង្ហាញពីសកម្មភាពនានានៃការរៀបចំក្នុងបរិវេណវត្តឱ្យកាន់តែស្រស់ស្អាត។
អ្វីដែលធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមផ្ទុះការងឿងឆ្ងល់នោះ ហេតុអ្វីការរៀបចំពិធីសែនព្រេនសុំម្ចាស់ទឹកម្ចាស់ដី ដូចជាពិធីសែនចូលឆ្នាំចិន។ អ្នកខ្លះទៀតបានលើកឡើងទៀតថា រកបាយសី១ថ្នាក់ក៏គ្មាន ម្លូរស្លាបារីក៏មិនឃើញ មិនដឹងថារមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំមានទំនៀមទម្លាប់សែនព្រេនបែបនេះឬយ៉ាងណា?
យ៉ាងណាមិញ គិតត្រឹមរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ពុំទាន់មានការបកស្រាយ ណាមួយដល់មហាជនឡើយ ប្រសិនជាមានការបញ្ជាក់យ៉ាងណា KBN NEWS នឹងជម្រាបជូនប្រិយមិត្តបន្ថែមទៀត៕












