ប្រទេសថៃ ៖ កាលពីថ្ងៃទី២៨ ខែមីនា កន្លងមក ប៉ូលិសនៅខេត្តកំផែងពេជ្រ ប្រទេសថៃ បានចាប់ខ្លួនបុរសរោគចិត្តម្នាក់ឈ្មោះ អូផាស អាយុ២៧ឆ្នាំ ពីបទលួចខោអាវក្នុងស្រីៗរាប់រយទៅព្យួរនៅគុម្ពឫស្សីក្បែរផ្លូវ ។ អ្នកភូមិរស់នៅក្បែរនោះមានការងឿងឆ្ងល់ថា តើបុរសនេះលួចខោអាវក្នុងស្រីៗមកធ្វើអ្វី ។
តាមការសាកសួររបស់ប៉ូលិសទៅកាន់បុរសឈ្មោះ អូផាស ឱ្យដឹងថា ខ្លួនបានដើរលួចខោអាវក្នុងស្រីៗនៅតាមភូមិនានាដើម្បីយកមកបំបាត់ចំណង់ ព្រោះនៅពេលរូបគេផឹកស្រាស្រវឹង គេតែងតែមានតម្រូវការផ្លូវភេទខ្លាំង ។ បុរសរូបនេះបន្តថា គេបានយកខោអាវក្នុងស្រីៗមកស្រូបរហូតដល់អស់ក្លិន រួចក៏យកទៅព្យួរនៅគុម្ពឫស្សីក្បែរផ្លូវ ហើយចំពោះខោអាវក្នុងណាដែលទើបលួចបានថ្មីៗ គេយកមកស្រូបក្លិនបន្តទៀត ។
ក្រុមប៉ូលិសបានពិនិត្យមើលភស្តុតាង និងរឹបអូសខោអាវក្នុងទាំងនេះ បន្ទាប់មកចាប់ខ្លួនបុរសឈ្មោះ អូផាស ដើម្បីចាត់វិធានការបន្តតាមផ្លូវច្បាប់ ។ ចំណែកអ្នកភូមិរស់នៅក្បែរៗនោះបានមករកមើលខោអាវក្នុងទាំងនេះឃើញថា ជារបស់ពួកគេដែលប្រើប្រាស់រួចហើយ ។
នៅថ្ងៃដដែលនេះដែរ មានជនរងគ្រោះចំនួន៦នាក់បញ្ជាក់ថា ខោអាវក្នុងដែលពួកគេបាត់នោះ គឺនៅទីនេះទាំងអស់ ។ ដូច្នេះ ប៉ូលិសបានជូនដំណឹងទៅកាន់ពលរដ្ឋក្នុងភូមិថា បើអ្នកណាម្នាក់ធ្លាប់ត្រូវគេលួចខោអាវក្នុងបែបនេះ ពួកគេអាចមកប្តឹងបុរសខាងលើពីបទលួចទ្រព្យសម្បត្តិក្នុងលំនៅឋាននៅពេលយប់ ៕ ប្រភព ៖ khaosod










