ប្រទេសបង់ក្លាដែស ៖ ពលរដ្ឋរស់នៅទីក្រុងដាកា ប្រទេសបង់ក្លាដែសបាននាំគ្នាត្អូញត្អែរថា ពួកគេត្រូវតស៊ូយ៉ាងលំបាក ដោយសារតែរងផលប៉ះពាល់ពីអតិផរណាកើនឡើងខ្ពស់ ជាពិសេស តម្លៃម្ហូបអាហារបានឡើងថ្លៃលើសដើមក្នុងអំឡុងមុនពេលពលរដ្ឋកាន់សាសនាឥស្លាមកំពុងត្រៀមខ្លួនកាន់សីល និងតមអាហារនៅខែរ៉ាម៉ាដន ។
គេសង្កេតឃើញថា មានពលរដ្ឋជាច្រើននាក់បានតម្រង់ជួរយ៉ាងវែងនៅតាមរថយន្តដឹកទំនិញផ្សេងៗ ដែលរថយន្តទាំងនោះដាក់លក់ទំនិញដែលទទួលបានការគាំទ្រពីរដ្ឋាភិបាលបង់ក្លាដែស ដូចជា អង្ករ និងម្សៅសម្រាប់ធ្វើអាហារ ។ វាជាផ្នែកមួយនៃគម្រោង Open Market Sales (OMS) សម្រាប់ជួយដល់ពលរដ្ឋបង់ក្លាដែស ដែលរងផលប៉ះពាល់ដោយសារម្ហូបអាហារឡើងថ្លៃ ។
ចំណែកអាជីវករលក់ដូរនៅតាមផ្សារផ្សេងៗ ក៏ប្រឈមមុខនឹងបញ្ហានេះដូចគ្នាដែរ ដោយសារមិនសូវមានអតិថិជនមកទិញរបស់របរដូចពេលមុនទេ ។ អាជីវករលក់គ្រាប់ធញ្ញជាតិម្នាក់រអ៊ូរទាំថា តម្លៃម្ហូបអាហារឡើងថ្លៃទាំងអស់ ខណៈប្រាក់ចំណូលរបស់ពលរដ្ឋធ្លាក់ចុះ ។
គួរបញ្ជាក់ថា តម្លៃម្ហូបអាហារនៅប្រទេសបង់ក្លាដែសឡើងថ្លៃ គឺជារឿងធម្មតាមុនឈានដល់ថ្ងៃកាន់សីល និងតមអាហារក្នុងខែរ៉ាម៉ាដន ប៉ុន្តែអតិផរណាកើនឡើងធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ដែលបណ្តាលមកពីវិបត្តិនៅលើពិភពលោក ដូចជា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងសង្គ្រាមអូសបន្លាយនៅប្រទេសអ៊ុយក្រែន បានធ្វើឱ្យតម្លៃម្ហូបអាហារកើនឡើងជាបន្តបន្ទាប់នៅប្រទេសបង់ក្លាដែស ។ លើសពីនេះ ប្រទេសនេះក៏បានប្រឈមមុខនឹងការខ្វះខាតថាមពលប្រើប្រាស់ និងរូបិយប័ណ្ណធ្លាក់ថ្លៃផងដែរ ៕
ប្រភព ៖ TNN World










