Home ព័ត៌មានអន្តរជាតិ ថៃនឹងចរចាពីការទិញសិទ្ធិផ្សាយបន្តផ្ទាល់ការប្រកួតកីឡាស៊ីហ្គេមជាមួយកម្ពុជា

ថៃនឹងចរចាពីការទិញសិទ្ធិផ្សាយបន្តផ្ទាល់ការប្រកួតកីឡាស៊ីហ្គេមជាមួយកម្ពុជា

110
0

ប្រទេសថៃ ៖ ប្រទេសថៃនឹងចរចាជាមួយកម្ពុជា អំពីការទិញសិទ្ធិផ្សាយបន្តផ្ទាល់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលនឹងប្រព្រឹត្តឡើងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ។ កាលពីពេលមុននេះ ថៃអះអាងថា ខ្លួនជាប្រទេសមួយដែលកម្ពុជាបានទាមទារការទិញសិទ្ធិផ្សាយបន្តផ្ទាល់ការប្រកួតកីឡាស៊ីហ្គេមក្នុងតម្លៃខ្ពស់ជាងគេនៅអាស៊ាន គឺស្មើប្រមាណ៨សែនដុល្លារអាមេរិក ឬស្មើ២៨លានបាត ដោយសារកម្ពុជាពិចារណាពីតម្លៃទីផ្សាររបស់ប្រទេសនីមួយៗ ។

កាលពីថ្ងៃទី២១ ខែមីនា កន្លងមក លោក Chaiyaphak Siriwat អនុប្រធានគណៈកម្មការអូឡាំពិក និងការិយាល័យស៊ីហ្គេមប្រទេសថៃ បានធ្វើដំណើរមកប្រជុំនៅប្រទេសកម្ពុជា ។ លោក Chaiyaphak Siriwat និយាយថា ៖ «រឿងការទិញសិទ្ធិផ្សាយបន្តផ្ទាល់ការប្រកួតកីឡាស៊ីហ្គេមពីកម្ពុជានោះ នៅមិនទាន់ជាក់លាក់អំពីចំនួនទឹកប្រាក់នៅឡើយទេ បន្ទាប់ពីមានព័ត៌មានថា ប្រទេសថៃត្រូវទិញសិទ្ធិផ្សាយបន្តផ្ទាល់ការប្រកួតកីឡាស៊ីហ្គេម ក្នុងចំនួនទឹកប្រាក់ខ្ពស់» ។Thailand moves forward and prepares for the 6th Asian Indoor Games

ប្រទេសថៃបញ្ជាក់ថា គណៈកម្មការអូឡាំពិកថៃ និងទីភ្នាក់ងារទទួលខុសត្រូវផ្នែកការផ្សាយបន្តផ្ទាល់កីឡាស៊ីហ្គេមរបស់ថៃ នឹងមកចរចាជាមួយភាគីកម្ពុជា ហើយប្រទេសទាំងពីរនឹងព្រមព្រៀងគ្នាលើចំនួនទឹកប្រាក់ទិញសិទ្ធិផ្សាយបន្តផ្ទាល់ការប្រកួតកីឡាស៊ីហ្គេមនេះ ។ ប្រទេសថៃបញ្ជាក់ទៀតថា ភាគីថៃ និងកម្ពុជា នឹងធ្វើការប្រជុំនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ហើយភាគីថៃសង្ឃឹមថា ខ្លួននឹងដឹងអំពីចំនួនទឹកប្រាក់ការទិញសិទ្ធិផ្សាយបន្តផ្ទាល់ការប្រកួតកីឡាស៊ីហ្គេម នៅថ្ងៃដដែលនេះ ។

លោក Chaiyaphak Siriwat បន្តថា លោកបានជជែកជាមួយលេខាធិការគណៈកម្មការអូឡាំពិករបស់កម្ពុជា ហើយកម្ពុជាលើកឡើងថា នៅពេលនេះ មានប្រទេសចំនួន៤ បានទិញសិទ្ធិផ្សាយបន្តផ្ទាល់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលនឹងប្រព្រឹត្តឡើងនៅប្រទេសកម្ពុជា រួមមាន ប្រទេសវៀតណាម, សិង្ហបុរី, ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ។Hun Sen Launches “Sport Diplomacy” as Cambodia Gears Toward Hosting the SEA  Games | Cambodianess

លោក Chaiyaphak Siriwat បន្ថែមថា ពលរដ្ឋថៃនឹងបានទស្សនាការផ្សាយបន្តផ្ទាល់ការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា ហើយលោកនឹងពិភាក្សាជាមួយអាជ្ញាធរកីឡាប្រទេសថៃ និងភ្នាក់ងារពាក់ព័ន្ធម្តងទៀត មុននឹងឈានដល់ថ្ងៃទី៥ ខែមេសា ខាងមុខនេះ នៅគណៈកម្មការអូឡាំពិកប្រទេសថៃ ។

គួរបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ប្រទេសថៃមិនពេញចិត្តនឹងការដាក់ឈ្មោះកីឡា «គុនខ្មែរ» នោះទេ ហើយចង់ដាក់ថា «Muay Thai» វិញ ធ្វើឱ្យអ្នកលេងបណ្តាញសង្គមកម្ពុជានិងថៃ បានជជែកគ្នាជាច្រើនអំពីការដាក់ឈ្មោះកីឡានេះ ហើយថៃលើកឡើងថា ខ្លួននឹងមិនបញ្ជូនកីឡាករមកប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជាទេ ។ ផ្ទុយទៅវិញ ប្រទេសផ្សេងទៀតនៅអាស៊ានដូចជា វៀតណាម, សិង្ហបុរី, ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ពួកគេគ្មានបញ្ហាច្រើនដូចថៃទេ ៕ ប្រភព ៖ The standard