ប្រទេសវៀតណាម ៖ សារព័ត៌មានរ៉យទ័ររាយការណ៍ថា មន្ត្រីវៀតណាមបានរឹបអូសយកភ្លុកដំរីចំនួន៧តោន ដែលពួកឈ្មួញបានលួចនាំចូលខុសច្បាប់មកប្រទេសវៀតណាមពីប្រទេសអង់ហ្គោឡា (ជាប្រទេសស្ថិតនៅតំបន់អាហ្វ្រិកកណ្តាល) ។ រដ្ឋាភិបាលវៀតណាមចាត់ទុកថា វាជាការចាប់យកផលិតផលធ្វើពីសត្វព្រៃដ៏ធំបំផុតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ។
ការទិញ-លក់ភ្លុកដំរី គឺជាអំពើខុសច្បាប់នៅប្រទេសវៀតណាម ប៉ុន្តែការជួញដូរសត្វព្រៃខុសច្បាប់នៅតែបន្តកើតមានក្នុងប្រទេសនេះ ។ ក្រៅពីការជួញដូរភ្លុកដំរីហើយ គឺនៅមានផលិតផលធ្វើពីសត្វព្រៃផ្សេងទៀត ក៏ត្រូវបានគេលួចនាំចូលមកកាន់ប្រទេសវៀតណាមផងដែរ ។
កាលពីថ្ងៃទី២០ ខែមីនា កន្លងមក មន្ត្រីគយវៀតណាមនៅខេត្តហៃផុង បានពិនិត្យឃើញភ្លុកដំរីលាក់នៅក្នុងទូរកុងតឺន័រដឹកទំនិញ ហើយឈ្មួញនាំចូលទាំងនេះប្រាប់មន្ត្រីគយវៀតណាមថា គឺជាសណ្តែកដី ។ រដ្ឋាភិបាលវៀតណាមបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ទូរកុងតឺន័រដឹកទំនិញនេះមកពីប្រទេសសិង្ហបុរី ។
ហេតុការណ៍នេះកើតឡើងក្រោយពីវៀតណាមបានប្រទះឃើញភ្លុកដំរី ដែលលួចនាំចូលពីតំបន់អាហ្វ្រិកជាង៦០០គីឡូក្រាមនៅកំពង់ផែ Lach Huyen កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ហើយនៅខែកុម្ភៈ នេះដែរ តុលាការវៀតណាមបានកាត់ទោសបុរសម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល១៣ឆ្នាំ ពីបទលួចលក់ដូរផ្នែកផ្សេងៗនៃសត្វជិតផុតពូជពីអាហ្វ្រិក ចំនួនប្រមាណ១០តោន ក្នុងនោះមានភ្លុកដំរី និងស្នែងរមាសផងដែរ ៕ ប្រភព ៖ mgronline










