កាលពីពេលថ្មីៗនេះអ្នកលេងបណ្តាញសង្គមបានរិះគន់យ៉ាងខ្លាំងទៅលើកងកម្លាំងសណ្តាប់ធ្នាប់ដែលបានចាក់ទឹកនំបញ្ចុកសម្លខ្មែររបស់អ្នកលក់ចោល និងដេញមិនឱ្យលក់នៅលើចិញ្ចើមផ្លូវសាធារណៈ រហូតរដ្ឋបាលខណ្ឌដូចពេញបានចេញសេចក្តីបំភ្លឺថា កងកម្លាំងមិនបានធ្វើដូច្នេះទេ អ្នកលក់នំបញ្ចុកនៅមុខព្រះបរមរាជវាំងផ្ទាល់គឺជាអ្នកធ្វើឱ្យខ្ជាយទឹកសម្លដោយខ្លួនឯង។
នៅក្នុងសេចក្តីបំភ្លឺដដែលបានឱ្យដឹងថា កម្លាំងសណ្តាប់ខណ្ឌ បានធ្វើការណែនាំដល់អ្នកលក់ឱ្យរកទីតាំងសមរម្យសម្រាប់លក់ ដោយមិនអនុញ្ញាតិឱ្យលក់ដូរនៅទីតាំងនេះឡើយ។មួយទៀត ការលក់ដូរគ្មានអនាម័យ មិនមានការវេចខ្ចប់កាកសំណល់ព្រមទាំងចោលថង់ប្លាស្ទិក ចានស្នោរនៅនឹងកន្លែងលក់ ដោយមិនយកទៅទុកដាក់ក្នុងធុងសំរាមដែលនៅក្បែរនោះឡើយ។ ដោយឡែក ការធ្វើឱ្យខ្ចាយទឹកសម្លនំបញ្ចុកនៅលើចិញ្ចើមផ្លូវសាធារណៈគឺអ្នកលក់នោះជាអ្នកប្រព្រឹត្តទៅដោយខ្លួនឯង ដោយការខឹងសម្បារ ស្រែកនិងជេរប្រមាថមកលើកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ។
ក្នុងនោះដែរ រដ្ឋបាលខណ្ឌដូនពេញ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋអ្នកលក់ដូរទាំងអស់មានការយោគយល់អធ្យាស្រ័យដល់កងកម្លាំង ដែលតែងតែខិតខំរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនេះជារៀងរាល់ថ្ងៃ ដើម្បីសោភ័ណភាព និងអនាម័យ បរិស្ថាន ឱ្យបានល្អប្រសើរ៕