ប្រទេសវៀតណាម ៖ វៀតណាមបានដាក់គោលដៅក្លាយជាប្រទេសឧស្សាហកម្មទំនើបមួយ ដែលនឹងមានសមត្ថភាពអាចប្រកួតប្រជែងក្នុងផ្នែកឧស្សាហកម្ម និងសម្រេចបាននូវតម្លៃឧស្សាហកម្មខ្ពស់នៅលើពិភពលោកក្នុងឆ្នាំ២០៣០ ខាងមុខ ។ ប្រទេសវៀតណាមបានគោលដៅនេះក្នុងផែនការមេរបស់ខ្លួន ស្តីពីការរៀបចំរចនាសម្ព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្ម ដែលទទួលបានការអនុម័តពីលោកនាយករដ្ឋមន្ត្រី ។
តាមរយៈផែនការមេនេះ ប្រទេសវៀតណាមសង្ឃឹមថា នឹងមានការរីកលូតលាស់ជាមធ្យមក្នុងតម្លៃបន្ថែមឧស្សាហកម្មស្មើនឹង៨,៥% ជារៀងរាល់ឆ្នាំ ហើយឧស្សាហកម្មផលិតកម្ម និងកែច្នៃស្មើប្រមាណ៣០% របស់ផលិតផលក្នុងស្រុកសរុប (GDP) នៅត្រឹមឆ្នាំ២០៣០ ។ ចំណែកកំណើនការនាំចេញប្រចាំឆ្នាំវិញ វៀតណាមបានដាក់គោលដៅពី៦% ទៅ៨% ខណៈការលក់រាយសរុបនឹងកើនឡើងពី១៣% ទៅ១៣,៥% ក្នុងមួយឆ្នាំផងដែរ ។
ក្រៅពីនេះ ប្រទេសវៀតណាមក៏មានគោលដៅសម្រេចបាននូវកំណើនផលិតកម្មប្រចាំឆ្នាំ នៅក្នុងសហគ្រាសឧស្សាហកម្មស្មើប្រមាណ៧,៥% និងមានសន្ទស្សន៍ផលិតកម្មកើនឡើងពី៨,៥% ទៅ៩% ក្នុងមួយឆ្នាំ ។ លើសពីនេះ វៀតណាមបានដាក់គោលដៅការរៀបចំរចនាសម្ព័ន្ធឧស្សាហកម្ម និងថាមពល រហូតដល់ទីផ្សារក្នុងប្រទេស រួមទាំងការបង្កើនសមាហរណកម្មនៅលើពិភពលោក ៕
ប្រភព ៖ AEC Connect










