ប្រទេសថៃ ៖ វាបានក្លាយជាប្រធានបទថ្មីមួយទៀតដែលមានការជជែកគ្នាក្នុងបណ្តាញសង្គមនៅប្រទេសថៃ ខណៈមានហ្វេសប៊ុកមួយឈ្មោះ @Amazing Asia cultural hub បានបង្ហោះរូបភាពរូបចម្លាក់នៅលើជញ្ជាំងប្រាសាទស្លៀកខោរូបដំរី ព្រមទាំងសរសេរថា ៖ «Thank for support មានន័យថា អរគុណសម្រាប់ការគាំទ្រខោរូបដំរីរបស់ខ្មែរ យើងមានភស្តុតាងនៅលើជញ្ជាំងប្រាសាទអង្គរវត្ត» ។

ពេលការបង្ហោះនេះត្រូវបានគេផ្សព្វផ្សាយចេញ អ្នកលេងបណ្តាញសង្គមនៅកម្ពុជាមួយចំនួនបានចូលមកបញ្ចេញមតិយល់ស្របចំពោះការលើកឡើងនេះ ហើយបញ្ជាក់ថា ខោដំរីជារបស់ប្រទេសកម្ពុជា ព្រមទាំងបង្ហាញភស្តុតាងនានាដើម្បីបញ្ជាក់ថា វាពិតជារបស់កម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9D98G1WUMF-ycEyRvl_BAn7AWfWT8szZusZ0zpxyzEJorDCzSzWgfEwZ6o-UvTjk52jSYjoTR2cIPpdjMtlVz97CF4YytXvThXoaEsFNBJt1rdAXbNIY_cyb27Qc1AgI-3By6nPtGFGxBYBXw_RMm2ugwZ9a-SN9_rKX0aLL6BgbmpovThSgnz8tQ/s1200/photo_2023-03-15_13-15-00.jpg

ក្រោយពីមានការបង្ហោះរបស់ហ្វេសប៊ុកខាងលើ អ្នកលេងបណ្តាញសង្គមថៃជាច្រើននាក់បានចូលទៅបញ្ចេញមតិមិនយល់ស្របនឹងការបង្ហោះនេះ ។ បើយោងតាមសារព័ត៌មានរបស់ថៃឈ្មោះ khaosod មានពលរដ្ឋថៃជាច្រើនបានបញ្ចេញមតិខុសៗគ្នា ក្នុងនោះពលរដ្ឋថៃម្នាក់និយាយថា ខ្មែរយកទៅចុះ យកអ្វីដែលជារបស់ថៃតាមត្រូវការ ។ ជាមួយគ្នានេះ បុរសថៃម្នាក់ទៀតថា បច្ចុប្បន្ន ខាងសារព័ត៌មានខ្មែរ និងថៃ ចូលចិត្តផ្សព្វផ្សាយព័ត៌មានបង្កជម្លោះ ហើយមិនយូរទេ ប្រទេសទាំងពីរនឹងកើតសង្គ្រាមជាមួយគ្នាមិនខាន បើប្រទេសទាំងពីរនៅតែផ្សព្វផ្សាយព័ត៌មានបង្កជម្លោះទៅវិញទៅមកបែបនេះ ខណៈម្នាក់និយាយបែបកំប្លែងថា ខ្មែរចង់យកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ឬអត់ ពួកគេនឹងឱ្យ បើចង់បាន ។

លើសពីនេះ មាននារីថៃម្នាក់លើកឡើង បន្តិចទៀត ខ្មែរនឹងអះអាងថា នំគ្រក់ជារបស់ខ្លួនមិនខាន ។ ដូចគ្នានេះ ម្នាក់ទៀតថា សូម្បីតែឈុតកូនសិស្សថៃ ដែលភ្ញៀវទេសចរចិននាំគ្នាស្លៀកពេលពួកគេមកលេងថៃ ក៏ខ្មែរថាជារបស់ខ្លួនដែរ ។ រីឯបុរសម្នាក់ទៀតថា គេមិនបានផ្តល់ភាពសំខាន់ចំពោះប្រទេសកម្ពុជាទៀតទេ ។ ចំណែកម្នាក់ទៀតថា ខ្មែរចូលចិត្តយកអ្វីៗជារបស់ថៃ មកធ្វើជារបស់ខ្លួនឯងទាំងអស់ ធ្វើឱ្យពលករខ្មែរដែលធ្វើការនៅថៃ អស់ការងារធ្វើមិនខាន ខណៈម្នាក់ទៀតថា បណ្តោយឱ្យពួកវាព្រូសឱ្យឆ្កួតក្នុងប្រទេសវាទៅ អ្វីៗក៏យកពីថៃអស់ កុំទៅផ្តល់តម្លៃឱ្យវាអី គួរឱ្យធុញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1HbKE2rsCHQLzYsTlNC83ZZ_D3ZX67AFkwazt1IT8ivCqXlWaKvD8eNXOJG0xESFKECHDJXsoxvQD8iKTDB-WZHHeflu-In9SCEpBpoUt6TP7XUTnyQ3tBNZVjq0Bdr8mzqrUMK8tbqZsB5Q34SaATHLsnxDPLttGGzVpuOWHl9b7PPkcqxCyasrx/s1280/photo_2023-03-15_13-15-00%20(3).jpg

ផ្ទុយពីមតិខាងលើ ពលរដ្ឋថៃម្នាក់និយាយថា មិនមែនខ្មែរធ្វើទេ គឺជនជាតិថៃគ្នាឯងទេ ដែលបានបង្ហោះរូបអប្សរាស្លៀកខោដំរីនេះ ។ ស្របគ្នានេះដែរ ពលរដ្ឋថៃម្នាក់ទៀតថា គឺសារព័ត៌មានថៃយករឿងនេះមកចុះផ្សាយ ព្រោះចង់ល្បី ។

អ្នកលេងបណ្តាញសង្គមថៃអះអាងថា ខោរូបដំរី គឺជារបស់ថៃ ហើយនៅពេលភ្ញៀវទេសចរបរទេសមកកម្សាន្តនៅប្រទេសថៃ ពួកគេនិយមទិញខោរូបដំរីស្លៀកដើរលេង ។ លើសពីនេះ ភ្ញៀវទេសចរបរទេសទាំងនោះបានទិញខោរូបដំរីរបស់ថៃសម្រាប់ផ្ញើទៅក្រៅប្រទេសទៀតផង ។

ទោះយ៉ាងណា ជុំវិញការផ្សព្វផ្សាយរបស់សារព័ត៌មានថៃនេះ គេមិនទាន់ដឹងថា តើវាជាការបង្ហោះរបស់ពលរដ្ឋខ្មែរ ឬជាការបង្ហោះរបស់សារព័ត៌មានអនឡាញថៃ ហើយបើខាងសារព័ត៌មានអនឡាញថៃបង្ហោះព័ត៌មាននេះមែន តើពួកគេមានគោលបំណងអ្វី ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-rYYf6oi2l5VGYKOqSsf3ACnfHioWragWhxxlVSAIitfBidEkRieRN7-QwmMKe8YvG8ZrEDpiGgGv-C9um9sYND73LPV5CUyW55FDDdlJDaT4OC1DzwmKc-d_vF2QTxIHJky7yHhUvfBF2WSADXXzGgcdRm2Bg5FN67JIKHCWr40tXYMMstmMxDdi/s600/photo_2023-03-15_13-15-00%20(2).jpg ប្រភព ៖ khaosod