ប្រជាពលរដ្ឋវៀតណាម ពិសេសអ្នកគាំទ្រកីឡារបស់ប្រទេសមួយនេះប្រមាណ ២ម៉ឺននាក់ បានចុះឈ្មោះជាមួយអាជ្ញាធររបស់ខ្លួនរួចហើយ ដើម្បីចូលរួមទស្សនា និងមកគាំទ្រការប្រកួតកីឡាប្រទេសរបស់ពួកគេ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាដែលនៅសល់រយៈពេល ៥១ ថ្ងៃទៀត។

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានប្រសាសន៍ថា៖ “ភាគីវៀតណាម បានប្រាប់មកខ្ញុំថា គ្រាន់តែអ្នកចុះឈ្មោះ មកគាំទ្រកីឡាគ្រប់ប្រភេទរបស់វៀតណាម គឺរង្វង់ ២ម៉ឺននាក់ហើយពេលនេះ ។ នេះគ្រាន់តែវៀតណាមផង ។ អញ្ចឹងសណ្ឋាគារ ផ្ទះសំណាក់ យើងមានប៉ុន្មាន ដើម្បីទទួលភ្ញៀវ នោះគឺជាបញ្ហា នៃការទទួលភ្ញៀវទាក់ទងទៅនឹងកន្លែងសម្រាក កន្លែងហូបចុក នៅដល់បញ្ហារឿងសន្ដិសុខ រឿងសណ្ដាប់ធ្នាប់ ដែលជាកិច្ចការងារសំខាន់”។

ឯកឧត្តមបន្ដថា៖ «ចុះនៅថៃ និងឡាវ ដែលនៅជិតហ្នឹង ហើយអាចធ្វើដំណើរតាមរថយន្ដយ៉ាងស្រួល។ ខ្ញុំគិតថា ក៏មកយ៉ាងតិចរាប់ពាន់នាក់ដែរ ។ អញ្ចឹងព្រឹត្តិការណ៍នេះ នឹងមានមនុស្សរាប់ម៉ឺន អាចថា ចូលរាប់សែននាក់ ។ នេះគឺជាកិត្តិយសធំធេង សម្រាប់កម្ពុជា គឺដោយសារកម្ពុជា មានលទ្ធភាពគ្រប់គ្រងជំងឺឆ្លងកូវីដ-១៩ ។ បើមានកូវីដ-១៩ រៀបចំការប្រកួតម៉េចកើត? ដោយសារកម្ពុជា មានសន្ដិភាព កម្ពុជាគ្រប់គ្រងជំងឺឆ្លងកូវីដ-១៩បាន កម្ពុជាមានការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដោយសារមានការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា» ។

គួរឱ្យដឹងថា បច្ចុប្បន្នគណៈកម្មាធិការជាតិ  កំពុងយកចិត្តទុកដាក់ និងធ្វើការយ៉ាងជិតស្និតជាមួយវិស័យឯកជន ពិសេសសណ្ឋាគារលំដាប់ផ្កាយ៣ ដល់ផ្កាយ៥ ដើម្បីត្រៀមទទួលស្វាគមន៍ប្រតិភូកីឡា និងអ្នកគាំទ្របណ្ដាប្រទេសនីមួយៗ រួមទាំងភ្ញៀវជាតិ និងអន្ដរជាតិ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដើម្បីធានាបាននូវការទទួលបដិសណ្ឋារកិច្ចដ៏ល្អ និងសុវត្ថិភាព៕