ប្រទេសអាហ្សង់ទីន ៖ អាហ្សង់ទីនកំពុងតែប្រឈមនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលធ្វើឱ្យប្រទេសនេះជួបនឹងអាកាសធាតុក្តៅ និងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេល៦០ឆ្នាំកន្លងមក ។ លើសពីនេះ បម្រែបម្រួលអាកាសធាតុបានធ្វើឱ្យទិន្នផលកសិកម្មរបស់កសិករអាហ្សង់ទីនធ្លាក់ចុះយ៉ាងខ្លាំងផងដែរ ។
អាហ្សង់ទីន គឺជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិដ៏ធំមួយនៅលើពិភពលោក កំពុងតែប្រឈមនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ (Climate Change) ដែលធ្វើឱ្យប្រទេសនេះមានអាកាសធាតុក្តៅខ្លាំង និងមានគ្រោះរាំងស្ងួតខ្លាំងក្លាបំផុតដែលគេមិនដែលធ្លាប់ជួបប្រទះ ហើយធ្វើឱ្យការប្រមូលផលសណ្តែកសៀង និងពោតរបស់កសិករធ្លាក់ចុះយ៉ាងខ្លាំង ។
ប្រធាននាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ចនៃសភាពាណិជ្ជកម្មទីផ្សារក្រុងរ៉ូសារីអូ លើកឡើងថា កសិករអាហ្សង់ទីនបានខាតបង់ប្រាក់ប្រមាណជាង១៤.០០០លានដុល្លារអាមេរិក ដោយសារអាកាសធាតុមិនអំណោយផលដល់ការងារកសិកម្មរបស់ពួកគេ ។ ក្រៅពីនេះ គេប៉ាន់ស្មានថា ទិន្នផលកសិកម្មនៅប្រទេសអាហ្សង់ទីននឹងធ្លាក់ចុះប្រមាណ៥០លានតោនផងដែរ ដោយអាហ្សង់ទីនមិនធ្លាប់ជួបអាកាសធាតុអាក្រក់បែបនេះពីមុនមកក្នុងប្រវត្តិសាស្ត្រ ។
នាពេលកន្លងមក អាកាសធាតុក្តៅ និងគ្រោះរាំងស្ងួត ដែលជាបញ្ហាសំខាន់នៃការផ្លាស់ប្តូរអាកាសធាតុ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ពលរដ្ឋអាហ្សង់ទីន ។ វាបានកើតឡើងស្របពេលប្រទេសនេះកំពុងជួបបញ្ហាអតិផរណាកើនឡើងរហូតដល់៩៩% ក៏ដូចជាការទូទាត់បំណុលក្នុងប្រទេស និងក្រៅប្រទេស ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ៕ ប្រភព ៖ Tnn earth










