ប្រទេសថៃ ៖ ពលរដ្ឋថៃជាច្រើននាក់បានបញ្ចេញប្រតិកម្មទៅលើជនបរទេសដែលលើកឡើងថា មានដំរីព្រៃរបស់ខ្មែរចេញមកស្ទាក់ស៊ីអំពៅនៅគូទរថយន្តដឹកអំពៅ ។ ពួកគេលើកឡើងថា ជនបរទេសទាំងនេះមិនស្គាល់ពីភាសាថៃ និងភាសាខ្មែរទេ បើទោះជាក្នុងរូបភាពមានដាក់ស្លាកសញ្ញាសរសេរជាភាសាថៃក្តី ទើបធ្វើឱ្យពួកគេយល់ខុសថា ជាដំរីរបស់ខ្មែរទៅវិញ ហើយនាំគ្នាចែកចាយព័ត៌មានមិនពិតជាច្រើន ។
អ្នកលេងបណ្តាញសង្គមក្នុងប្រទេសថៃលើកឡើងទៀតថា ជនជាតិខ្មែរមួយចំនួនបានទាមទារអ្វីគ្រប់យ៉ាងពីប្រទេសថៃទាំងគ្មានការខ្មាសអៀន ហើយសូម្បីតែសត្វដំរី ក៏មិនលើកលែងដែរ ។ ហេតុនេះ ធ្វើឱ្យជនបរទេសជាច្រើននាក់ដែលមិនស្គាល់ពីភាសាថៃ ឬភាសាខ្មែរ យល់ខុសថា ជាដំរីនៅក្នុងប្រទេសកម្ពុជា ។ ជាក់ស្តែង មានអត្ថបទភាសាអង់គ្លេសមួយសរសេរថា «Elephants in Cambodia have learned to exploit their right of way and stop passing sugar cane trucks to steal a snack.» ហើយពួកគេក៏បាននាំគ្នាចែកចាយព័ត៌មានខុសទាំងនេះ ។
ពលរដ្ឋថៃបញ្ជាក់ទៀតថា នៅក្នុងឃ្លីបវីដេអូនេះបានបង្ហាញរឿងរ៉ាវគួរឱ្យស្រឡាញ់រវាងមនុស្សជាមួយដំរីព្រៃនៅប្រទេសថៃ ដែលបានបង្ហាញពីមិត្តភាព និងចិត្តសប្បុរសរបស់ពលរដ្ឋថៃចំពោះដំរីព្រៃ ប៉ុន្តែជនបរទេសជាច្រើនបានយល់ខុសហើយគិតថា ឃ្លីបវីដេអូនេះស្ថិតនៅប្រទេសកម្ពុជា ។
ចំណែកយូធូបរបស់ថៃមួយឈ្មោះ «មុមម៉ងផឿនបាន» (มุมมองเพื่อนบ้าน) ក៏បានចេញមកតវ៉ារឿងនេះដែរ ដោយបានចេញឃ្លីបវីដេអូនិយាយថា ខ្មែរយកដំរីថៃធ្វើជារបស់ខ្លួនបែបងាយៗ ហើយជនជាតិថៃត្រូវតែជួយគ្នាជាបន្ទាន់… ។ យូធូបនេះបាននិយាយបកស្រាយថា ដំរីរបស់ថៃត្រូវខ្មែរលើកឡើងថា ជារបស់ខ្លួនដោយមិនចេះខ្មាសមេឃ ខ្មាសដី ។ លើសពីនេះ យូធូបរបស់ថៃបញ្ជាក់ថា ឃ្លីបវីដេអូដំរីព្រៃថៃស៊ីអំពៅនេះ គឺមានប្រភពពីវែបសាយ reddit នៅកម្ពុជា ដែលវែបសាយនេះមិនពេញនិយមក្នុងប្រទេសថៃទេ ប៉ុន្តែជាវែបសាយពេញនិយមក្នុងចំណោមជនបរទេស ៕
ប្រភព ៖ mgronline