បុរសជនជាតិថៃម្នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ កាលពីថ្ងៃ អង្គារ ពីបទ លក់ប្រតិទិនដែលមានរូបសត្វទាពណ៌លឿង ដែលតុលាកាបានចោទប្រកាន់ថា មានបំណងចំអកដល់់ព្រះមហាក្សត្ររបស់ប្រទេស ដែលទង្វើនេះអាចត្រូវបានចាត់ទុកថាជាការប្រមាថព្រះមហាក្សត្រ។
ជនជាប់ចោទមានឈ្មោះថា Narathorn Chotmankongsin មានអាយុ ២៦ឆ្នាំ ត្រូវបានកាត់បន្ថយទោសមកនៅត្រឹម ២ឆ្នាំ ដោយសារគាតយល់ព្រមសហការជាមួយតុលាការ ខណៈតុលាការបានប្រកាសថា រូបភាពចំនួន៦ ក្នុងប្រតិទិន ត្រូវបានធ្វើឡើងដើម្បីចំអកព្រះមហាក្សត្រ។
លោកត្រូវបានតុលារការ ចោទប្រកាន់ ពីបទប្រមាថព្រះមហាក្សត្ររបស់ប្រទេសថៃ ដែលត្រូវជាប់ពន្ធនាគារពី ៣ ទៅ ១៥ឆ្នាំ ចំពោះជនណាដែលបង្ខូចព្រះកិត្តិនាម ប្រមាថ ដល់ខ្សែរាជវង្សថៃ។
ជុំវិញនឹងករណីនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស ក៏បានចេញសេចក្ដីថ្លែងការណ៍មួយដោយស្នើឱ្យអាជ្ញាធរថៃ បញ្ឈប់ការកាត់ទោស និង ដោះលែងបុរសនោះជាបន្ទាន់។ ប៉ុន្ដែមិនទាន់មានការឆ្លើយតបអ្វីពីភាគីថៃចំពោះសេចក្ដីថ្លែងការណ៍នេះទេ។
សូមជម្រាបផងដែរថា ចាប់តាំងពីខែ វិច្ឆិកា ឆ្នាំ២០២១មក មនុស្សយ៉ាងហោចណាស់ ២៣៣នាក់ ត្រូវបានចោទប្រកាន់ពីបទ ប្រមាថព្រះមហាក្សត្រ៕
ប្រភព៖ BBC










