នៅពេលមានភ្លៀងធ្លាក់ម្តងៗ ការបើកបររថយន្តនៅតាមផ្លូវមិនសូវជាល្អប៉ុន្មានទេ ខណៈផ្លូវសើម និងរអិល ហើយវាងាយនឹងកើតគ្រោះថ្នាក់ផ្សេងៗ ។ ទោះយ៉ាងណា យើងត្រូវគិតពីសុវត្ថិភាពជាចម្បង ហើយខាងក្រោមនេះ គឺជាវិធីបើកបររថយន្តនៅលើផ្លូវរអិលក្នុងពេលមានភ្លៀងធ្លាក់ ។
១-ត្រួតពិនិត្យសម្បកកង់រថយន្ត ៖ ការណែនាំល្អបំផុត គឺការពិនិត្យមើលសម្បកកង់រថយន្តជាប្រចាំនៅរដូវវស្សាថា តើរថយន្តនោះអាចប្រើប្រាស់បានយ៉ាងមានប្រសិទ្ធភាពឬអត់ ។ កុំភ្លេចថា សម្បកកង់រថយន្ត វាពាក់ព័ន្ធនឹងការជាន់ហ្វ្រាំងជានិច្ច ។
២-កុំបើកបរលឿនពេក ៖ បើទោះជារថយន្តរបស់អ្នកថ្មីក្តី ប៉ុន្តែគួរតែបន្ថយល្បឿនក្នុងពេលបើកបរ ហើយបើអ្នកបើកបរក្នុងល្បឿនលឿនខ្លាំងនៅពេលមានភ្លៀង វានឹងធ្វើឱ្យប្រព័ន្ធហ្វ្រាំងគ្មានប្រសិទ្ធភាពក្នុងការបន្ថយល្បឿនទេ ហើយនឹងធ្វើឱ្យរថយន្តខូចខាតខ្លាំងផងដែរ ។
៣-មិនវ៉ារថយន្តផ្សេងទៀត ៖ នៅពេលមានភ្លៀងធ្លាក់តែងមានទឹកដក់នៅតាមផ្លូវ ហើយមនុស្សភាគច្រើនបានមើលរំលង ខណៈពួកគេបើកបរក្នុងល្បឿនលឿនលើផ្លូវមានទឹកដក់នោះ ។ វាមិនត្រឹមតែធ្វើឱ្យសាចទឹកដល់អ្នករួមដំណើរប៉ុណ្ណោះទេ ប៉ុន្តែរថយន្តក៏ប្រឈមនឹងបញ្ហារអិលផងដែរ ។ លើសពីនេះ រថយន្តត្រូវប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ ខណៈអ្នកបើកបររេចង្កូតយ៉ាងរហ័សដើម្បីគេចពីទឹកនៅតាមផ្លូវ វាក៏ធ្វើឱ្យកើតគ្រោះថ្នាក់ដូចគ្នា ។
៤-ប្រើប្រាស់ផ្លិតទឹក ៖ ការបើកបររថយន្តនៅពេលភ្លៀង ចាំបាច់ត្រូវប្រើផ្លិតទឹកដើម្បីមើលឃើញផ្លូវ ហើយសុវត្ថិភាពនៃការប្រើប្រាស់ផ្លិតទឹកនេះមានច្រើនកម្រិត ។ អ្នកគួរតែជ្រើសរើសប្រើប្រាស់វាឱ្យសមស្រប និងពិនិត្យមើលដំណើរការរបស់ផ្លិតទឹកឱ្យបានទៀងទាត់ ។
៥-បើកភ្លើងខាងមុខរថយន្ត ៖ នៅពេលមានភ្លៀងធ្លាក់ខ្លាំង ឬធ្លាក់មកតិចៗក្តី ការបើកភ្លើងមុខរថយន្ត នឹងធ្វើឱ្យអ្នកអាចមើលឃើញផ្លូវខាងមុខកាន់តែច្បាស់ ។ មិនតែប៉ុណ្ណោះ ការបើកភ្លើងមុខនឹងធ្វើឱ្យរថយន្តផ្សេងទៀត ជាពិសេស រថយន្តដែលបើកពីមុខអ្នក ពួកគេអាចមើលឃើញរថយន្តរបស់អ្នកបានច្បាស់ ។ ការបើកភ្លើងមុខនេះដែរ គួរតែបើកនៅពេលភ្លៀងធ្លាក់ខ្លាំងប៉ុណ្ណោះ ហើយពេលភ្លៀងរាំង គួរបិទវាភ្លាម ដើម្បីកុំឱ្យចាំងភ្នែកអ្នកបើកបរផ្សេងទៀត ។
៦-កុំជាន់ហ្វ្រាំងភ្លាមៗ ៖ ការជាន់ហ្វ្រាំងភ្លាមៗអាចធ្វើឱ្យអ្នកបាត់បង់សមត្ថភាពក្នុងការបញ្ជារថយន្ត ហើយបើក្នុងករណីការបើកបររថយន្តធំ គឺវាកាន់តែបង្កគ្រោះថ្នាក់ខ្លាំង ។ លើសពីនេះ ក៏មិនគួរបង្កើនល្បឿនផងដែរ ។
៧-ការបើកមានគម្លាតគ្នាជារឿងសំខាន់ ៖ ការជាន់ហ្វ្រាំងរថយន្ត គឺប្រែប្រួលទៅតាមសភាពផ្លូវរអិល ភាពសើមនឹងតម្រូវឱ្យអ្នកប្រើប្រាស់ហ្វ្រាំងប្រយ័ត្នជាងពេលណាៗទាំងអស់ ព្រោះគម្លាតគ្នារវាងរថយន្តរបស់អ្នក និងរថយន្តនៅពីមុខ គឺជារឿងត្រូវពិចារណា ។ ជាធម្មតា រថយន្តភាគច្រើនអាចបន្ថយល្បឿនពី៨០គីឡូម៉ែត្រ/១ម៉ោង រហូតដល់រថយន្តនោះចតទាំងស្រុងក្នុងចម្ងាយ៣៦ម៉ែត្រ៕
ប្រភព ៖ sanook










