ប្រទេសចិន ៖ កាលពីថ្ងៃទី៦ ខែមីនា កន្លងមក ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សានយោបាយចិន (CPPCC) នៅទីក្រុងប៉េកាំង ក្នុងនោះលោកបានពិភាក្សាក្នុងក្រុមប្រឹក្សានយោបាយសមាគមសំណង់ជាតិ សហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្ម ដោយផ្តោតទៅលើការព្យាយាមអភិវឌ្ឍន៍ផ្នែកឯកជនរបស់ចិនឱ្យមានគុណភាពខ្ពស់ ។

លោក ជិនពីង ថ្លែងថា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានប្រកាន់ភ្ជាប់នូវគោលការណ៍ និងគោលនយោបាយដើម្បីបង្កើតបរិយាកាសមានស្ថេរភាព និងបើកឱកាសបន្ថែមដល់ផ្នែកឯកជន ។ លើសពីនេះ ក៏បានបន្តគាំទ្រ អភិវឌ្ឍន៍ និងធ្វើឱ្យផ្នែកឯកជនមានភាពរឹងមាំជានិច្ច ដោយអនុញ្ញាតឱ្យពួកគេអាចប្រកួតប្រជែងដោយស្មើភាពនៅក្នុងទីផ្សារ ការពារសិទ្ធិស្របច្បាប់លើទ្រព្យសម្បត្តិ និងផលប្រយោជន៍របស់អាជីវកម្ម ។

លោក ជិនពីង បានអំពាវនាវឱ្យផ្នែកឯកជនដើរតួនាទីកាន់តែខ្លាំងក្នុងការពង្រឹង និងពឹងពាក់លើខ្លួនឯងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងជំរុញការអភិវឌ្ឍផ្នែកទាំងពីរនេះដើម្បីប្រើប្រាស់ក្នុងឧស្សាហកម្មផងដែរ ។ លើសពីនេះ លោក ជិនពីង សង្ឃឹមថា ផ្នែកឯកជននឹងមានដើមទុនកាន់តែច្រើននៅក្នុងគម្រោងវិស្វកម្មខ្នាតធំរបស់ជាតិ ក៏ដូចជាគម្រោងសំខាន់ៗផ្នែកឧស្សាហកម្ម និងការផ្គត់ផ្គង់ ហើយលោកបានសំណូមពរទៅកាន់ផ្នែកឯកជនឱ្យមានចំណែករួមកាន់តែច្រើនឡើងក្នុងការអភិវឌ្ឍប្រទេស និងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។
មេដឹកនាំចិនចង្អុលបង្ហាញថា ផ្លូវទៅកាន់ភាពទំនើបទាន់សម័យរបស់ចិន គឺការស្វែងរកកិច្ចសហការរួមគ្នារវាងផ្នែកឯកជន និងរដ្ឋ ព្រមទាំងមានភាពទទួលខុសត្រូវទាំងអស់គ្នាក្នុងសង្គម ។ មេដឹកនាំចិនបានណែនាំទៅកាន់ផ្នែកឯកជនថា គួរតែមានទំនាក់ទំនងល្អជាមួយកម្មករ និងជំរុញការបង្កើតសហគមន៍សម្រាប់ជាប្រយោជន៍ដល់បុគ្គលិកទាំងអស់ ៕ ប្រភព ៖ TNN World










