ប្រទេសអ៊ុយក្រែន ៖ ក្រសួងការពារជាតិអ៊ុយក្រែនបង្ហាញថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានធ្វើដំណើរមកសួរសុខទុក្ខកងទ័ពរុស្ស៊ីដែលប្រចាំការនៅអ៊ុយក្រែន ហើយការមកសួរសុខទុក្ខមិនបានកើតឡើងញឹកញាប់ទេសម្រាប់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីរូបនេះ ។
លោក Shoigu បានមកសួរសុខទុក្ខកងទ័ពនៅតំបន់ភាគខាងត្បូងនៃ Donetsk និងផ្តល់រង្វាន់ដល់កងទ័ពរុស្ស៊ីផងដែរ បន្ទាប់មក លោកបានទៅពិនិត្យមើលការខូចខាតនៅក្នុងទីក្រុង ជាមួយលោកឧត្តមសេនីយ៍ឯក Rustam Muradov មេបញ្ជាការតំបន់យោធាភាគខាងកើត ។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Shoigu បានមកសួរសុខទុក្ខកងទ័ពជួរមុខនៅអ៊ុយក្រែនចំនួនពីរទៅបីដងប៉ុណ្ណោះ តាំងពីរុស្ស៊ីបញ្ជូនកងទ័ពមកវាយប្រហារអ៊ុយក្រែន អស់រយៈពេលជាង១ឆ្នាំ ។ លោកបានកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិតាំងពីឆ្នាំ២០១២ មកម៉្លេះ ហើយមានការរិះគន់យ៉ាងខ្លាំងពីក្រុមដែលគាំទ្រឱ្យរុស្ស៊ីវាយប្រហារអ៊ុយក្រែន រួមទាំងលោក Yevgeny Prigozin មេដឹកនាំក្រុមកងទ័ពស៊ីឈ្នួល Wagner ក៏ធ្លាប់រិះគន់លោក Shoigu យ៉ាងខ្លាំងក្លាផងដែរកាលពីខែកុម្ភៈ ។
ចំណែកស្ថានការណ៍ចុងក្រោយនៅអ៊ុយក្រែន លោក Prigozin មេដឹកនាំក្រុមកងទ័ពស៊ីឈ្នួល Wagner លើកឡើងថា ទីក្រុង Baghmut របស់អ៊ុយក្រែន ត្រូវបានកងទ័ពស៊ីឈ្នួលហ៊ុព័ទ្ធអស់ហើយ ដែលធ្វើឱ្យកងទ័ពអ៊ុយក្រែនមានផ្លូវចេញតែមួយប៉ុណ្ណោះ ។ ក្រុមទាហានស៊ីឈ្នួលរបស់លោក Prigozin បានដឹកនាំការវាយប្រហារលើទីក្រុងភាគខាងកើតរបស់អ៊ុយក្រែន ខណៈរុស្ស៊ីសម្លឹងឃើញថា ទីក្រុង Baghmut ជាជំហានដ៏សំខាន់មួយឆ្ពោះទៅដណ្តើមយកទីក្រុង Kramatorsk និងក្រុង Slovensk ។
មិនត្រឹមតែប៉ុណ្ណោះ លោក Prigozin បានអំពាវនាវឱ្យប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដកទ័ពអ៊ុយក្រែនចេញពីក្រុងតូចនេះ ព្រមទាំងបង្ហោះវីដេអូបង្ហាញពីកងទ័ពស៊ីឈ្នួលចូលទៅដល់ក្រុង Baghmut ។ រីឯសារព័ត៌មានរ៉យទ័រចេញផ្សាយថា កងទ័ពស៊ីឈ្នួលរុស្ស៊ីស្ថិតនៅទិសខាងកើតប្រមាណជា២គីឡូម៉ែត្រឆ្ងាយពីក្រុង ៕ ប្រភព ៖ TNN World










