សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៧ ខែកុម្ភៈ កន្លងមក សេតវិមានអាមេរិកបានចេញបញ្ជាទៅកាន់មន្ត្រីរាជការទាំងអស់ឱ្យលុបកម្មវិធី TikTok ចេញពីឧបករណ៍ទំនាក់ទំនងរបស់រដ្ឋាភិបាលក្នុងរយៈពេលត្រឹម៣០ថ្ងៃ ដោយសារបារម្ភពីសុវត្ថិភាព ។ ការហាមឃាត់នេះស្របតាមសហភាពអឺរ៉ុប និងប្រទេសកាណាដា ដែលទើបបានហាមឃាត់ដូចគ្នានេះកាលពីសប្តាហ៍កន្លងទៅ ។
ក្រោយពីអាមេរិកហាមឃាត់មន្ត្រីរាជការប្រើ TikTok កាលពីថ្ងៃទី២៨ ខែកុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានថ្លែងទៅកាន់សារព័ត៌មានក្នុងស្រុកថា សេតវិមានកំពុងបំពានអំណាចរដ្ឋដើម្បីកៀបសង្កត់ក្រុមហ៊ុនបរទេស ហើយចិនសូមប្រឆាំងជាដាច់ខាតចំពោះបម្រាមនេះ ។ លោកស្រីបន្ថែមថា រដ្ឋាភិបាលអាមេរិកគួរតែគោរពគោលការណ៍សេដ្ឋកិច្ច និងការប្រកួតប្រជែងផ្នែកពាណិជ្ជកម្មដោយយុត្តិធម៌ ហើយអាមេរិកគួរតែឈប់ប្រព្រឹត្តបែបនេះចំពោះក្រុមហ៊ុនបរទេសក្នុងប្រទេសរបស់ខ្លួន ។
លោកស្រី Mao Ning ថ្លែងថា ៖ «អ្នកនឹងក្លាយជាប្រទេសមហាអំណាចពិភពលោកបានយ៉ាងដូចម្តេច ខណៈអ្នកគ្មានទំនុកចិត្តលើខ្លួនឯង ហើយខ្លាចកម្មវិធីតូចៗដែលយុវវ័យនិយមប្រើប្រាស់» ។
TikTok ជាកម្មវិធីមួយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំមួយរបស់ចិន ByteDance កំពុងត្រូវបានប្រទេសលោកខាងលិចចោទថា មានហានិភ័យចំពោះអ្នកប្រើប្រាស់ ដោយសារវាអាចប្រមូលព័ត៌មាន រួចបញ្ជូនព័ត៌មានរបស់អ្នកប្រើប្រាស់ទៅឱ្យប្រទេសចិន ។ ទោះយ៉ាងណា អ្នកតំណាងរបស់ក្រុមហ៊ុន ByteDance និង TikTok បានបញ្ជាក់រហូតមកថា ពួកគេមិនបានធ្វើបែបនេះទេ ហើយការបារម្ភនេះជារឿងយល់ខុស ។
ក្រោយការបញ្ជាឱ្យលុបកម្មវិធី TikTok ចេញពីឧបករណ៍ទំនាក់ទំនងរបស់រដ្ឋាភិបាលអាមេរិក សេតវិមានក៏មានគម្រោងផ្សព្វផ្សាយការហាមឃាត់នេះទៅកាន់ប្រទេសនានាលើពិភពលោកផងដែរ ដោយសារបារម្ភពីសុវត្ថិភាពរបស់អ្នកប្រើប្រាស់ ។ ប៉ុន្តែមន្ត្រីអាមេរិកបញ្ជាក់ថា ពួកគេកំពុងរកដំណោះស្រាយបញ្ហាខាងលើ ខណៈបម្រាមនេះអាចផ្ទុយនឹងសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ ៕
ប្រភព ៖ beartaiBRIEF










