អ្នកប្រាកដជាធ្លាប់បានដឹងនឹងស្គាល់ពីសត្វបក្សីដែលមានស្លាប ហើយពួកគេសុទ្ធតែអាចហោះហើរបានអាស្រ័យលើខ្លួន នឹងឆ្អឹងរបស់វា។ សូម្បីតែសត្វបក្សីស្រុកដូចជា មាន់ ទា ជាដើមក៏អាចហោះបានខ្លះៗដែរ។ ប៉ុន្តែក្នុងពេលនេះ ខ្ញុំនឹងនាំប្រិយមិត្តឲ្យទៅបានដឹងអំពីសត្វបក្សី៥ប្រភេទ ដែលពួកគេមិនអាចហោះហើរបានទាល់តែសោះ។
១. ផេនឃ្វីន(Penguin)
ជាការពិតណាស់សត្វផេនឃ្វីន គឺជាសត្វបក្សីដែលមិនអាចហោះហើរបាននោះទេ។ ប៉ុន្តែវាមានលក្ខណៈពិសេសត្រង់ថា វាអាចហែលជ្រមុជទឹកក្នុងរយៈពេលណាមួយ។ ថ្វីត្បិតតែសត្វផេនឃ្វីមានជើងខ្លី ប៉ុន្តែពួកគេគឺអាចហែលបានលឿនផងដែរ។ គួរបញ្ជាក់ផងដែរថា សត្វផេនឃ្វីនគឺមានចំនួន ១៨ ប្រភេទ ហើយគ្រប់ប្រភេទទាំងអស់គឺសុទ្ធតែមិនអាចហោះហើរបាន។

២. Steamer duck
នេះគឺជាសត្វទាមួយប្រភេទដែលមាននៅក្នុង អាមេរិកខាងត្បូង។ សត្វទាប្រភេទនេះគឺមិនអាចហោះហើរបាននោះទេ ប៉ុន្តែសត្វទាទាំងអស់ណេះត្រូវបានគេដឹងថា ជាប្រភេទសត្វដែលមានការតស៊ូ ពួកវាហ៊ានប្រយុទ្ធដើម្បីការពារកុំឲ្យមានការឈ្លានពានពីសត្វដទៃដូចជាសត្វទោចទឹកជាដើម។ ម្យ៉ាងទៀតសត្វទោចទឹកជាច្រើនក្បាលផងដែរ ដែលត្រូវបានសត្វទាប្រភេទនេះសម្លាប់។
៣.Weka
បក្សី Weka គឺជាបក្សីមួយប្រភេទទៀតដែលស្ថិតនៅក្នុងប្រទេស នូវែលហ្សេឡង់។ បក្សីនេះមានពណ៌ត្នោត ហើយវាមានទំហំប៉ុននឹងសត្វមាន់ទូទៅដែរ ដែលវាត្រូវបានគេចាត់ចូលជាធនធានដ៏សំខាន់សម្រាប់ប្រជាជន នូវែលហ្សេឡង់ និងអ្នកដែលតាំងទីលំនៅនៅអឺរ៉ុប។ ក៏ប៉ុន្តែសត្វប្រភេទនេះគឺកំពុងតែមានការថយចុះចំនួន ខណៈដែលប្រជាជននូវែលហ្សេឡង់ធ្វើការអំពារវនាវឲ្យមានការចូលរួមថែរក្សាពួកវា។ សត្វនេះគឺអាចហែលទឹកបានយ៉ាងស្ទាត់ជំនាញ និងអាចចាប់ត្រីក្នុងទឹកបានទៀតផង។
៤. អូទ្រីស
សត្វអូទ្រីស គឺជាសត្វបក្សីដែលមានទំហំធំមួយ ហើយពងរបស់វាគឺមានទំហំធំបំផុតនៅក្នុងពិភពលោក។ សត្វអូទ្រីសអាចមានទំហំធំបំផុតដល់ទៅ ៩ហ្វីដ និងមានទំងន់រហូតដល់ជាង៣០០ផោន។ ជើងរបស់វាក៏ត្រូវបានគេនិយាយថាមានកម្លាំងខ្លាំងបំផុតដែលអាចទាត់ និងរត់បានយ៉ាងលឿនផងដែរ។
៥. Cassowary
បក្សីនេះគឺជា បក្សីយក្សមួយប្រភេទដែលមានដើមកំណើតនៅប្រទេសអូស្រ្តាលី។ គេចាត់ទុកថាវាគឺជាបក្សីដែលមានទំហំធំដូចទៅនឹងសត្វអូទ្រីសដែរ ប៉ុន្តែវាមានទម្ងន់ធ្ងន់ជាង។ គេបាននិយាយថា សត្វនេះគឺអាចសម្លាប់មនុស្សបានប្រសិនបើមានអ្នកណាម្នាក់ហ៊ានទៅរញ៉េរញ៉ៃនឹងវា។ ប៉ុន្តែយ៉ាងណាបក្សីប្រភេទនេះក៏នៅតែមិនអាចហោះហើរបានឡើយ ៕










