ប្រទេសវៀតណាម ៖ មានសេចក្តីរាយការណ៍ពីភ្នាក់ងារនានាថា រោងចក្រផលិតស្បែកជើងកីឡាធំបំផុតមួយនៅប្រទេសវៀតណាម ដែលបានផលិតទំនិញឱ្យម៉ាកល្បីៗដូចជា Nike និង Adidas នឹងត្រៀមកាត់បន្ថយបុគ្គលិករបស់ខ្លួនជាច្រើនពាន់នាក់នៅចុងខែកុម្ភៈនេះ បន្ទាប់ពីចំនួនការបញ្ជាទិញធ្លាក់ចុះខ្លាំង ។
សារព័ត៌មាន AFP បានទទួលឯកសារបញ្ជាក់ពីភ្នាក់ងារការងាររបស់ក្រុងហូជីមិញថា ក្រុមហ៊ុនវៀតណាម Baoyuan ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Baochen Group របស់តៃវ៉ាន់ ប្រកាសថា នឹងបញ្ឈប់បុគ្គលិកចំនួន៣.០០០នាក់ ហើយនឹងមិនបន្តកិច្ចសន្យាការងារជាមួយបុគ្គលិកចំនួន៣.០០០នាក់ទៀត ដោយសារនៅឆ្នាំ២០២៣នេះ មានការបញ្ជាទិញទំនិញតិចតួចពេក ។ គួរបញ្ជាក់ថា រោងចក្រ Baoyuan នៅក្រុងហូជីមិញ មានបុគ្គលិកប្រមាណ៥ម៉ឺននាក់ ។.jpg)
វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញសម្លៀកបំពាក់ ស្បែកជើង និងគ្រឿងសង្ហារិមធំបំផុតរបស់ពិភពលោក ហើយវៀតណាមបានរងផលប៉ះពាល់ខ្លាំងពីការចាយវាយធ្លាក់ចុះរបស់អ្នកប្រើប្រាស់ទូទាំងពិភពលោក ដោយសារតែការចំណាយខ្ពស់ក្នុងជីវភាពប្រចាំថ្ងៃនៅអឺរ៉ុប និងអាមេរិក ។
សហជីពកម្មករវៀតណាមរាយការណ៍ថា នៅត្រីមាសទី៤ ឆ្នាំ២០២២ ការបញ្ជាទិញទំនិញពីអាមេរិកបានធ្លាក់ចុះពី៣០% ទៅ៤០% ហើយការបញ្ជាទិញពីតំបន់អឺរ៉ុបបានធ្លាក់ចុះរហូតដល់៦០% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ៕
ប្រភព ៖ AECconnect










