រដ្ឋធានីមូស្គូ៖ រុស្ស៊ី បានចោទប្រកាន់ជាថ្មី ប្រឆាំងនឹងក្រុងកៀវ អំពីការរៀបចំនូវផែនការ វាយប្រហារទៅលើរោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប នៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្ដែបណ្ដាប្រទេសសម្ពន្ធមិត្ត និង ក្រុងកៀវ បានទាត់ចោលនូវការចោទប្រកាន់ទាំងនោះ ដោយចាត់ទុក ជាការប៉ុនប៉ងដ៏ឃោរឃៅ នៅក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត ហើយក៏បានចោទប្រកាន់ ត្រឡប់ទៅក្រុងមូស្គូ វិញ អំពីការរៀបចំឧបទ្ទវហេតុ បង្កើឡើង ដោយខ្លួនឯង នៅក្នុងគោលបំណងបន្ទោស មកលើប្រទេសអ៊ុយក្រែន។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ថា រុស្សី កំពុងតែចោទប្រកាន់ ដោយមិនបានផ្ដល់ភស្ដុតាង ថា អ៊ុយក្រែន កំពុងតែមានផែនការ បង្កឲ្យមានឧបទ្ទវហេតុ នៅលើទឹកដីរបស់ខ្លួន នៅក្នុងចេតនាស្ដីបន្ទោស មកលើរដ្ឋាភិបាលក្រុងមូស្គូ នៅមុនកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ។
ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ ថា សារធាតុវិទ្យុសកម្ម ត្រូវបានគេដឹក ចេញពីបណ្ដាប្រទេសអឺរ៉ុបមួយ ដែលមិនស្គាល់ឈ្មោះ ជញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន។ ចំណែករដ្ឋាភិបាលក្រុងកៀវ ក៏កំពុងតែរៀបចំនូវផែនការបង្កហេតុ ទ្រង់ទ្រាយធំ។ សកម្មភាពទាំងនេះ មានគោលបំណង បង្កនូវការញុះញង់ ដើម្បីចោទប្រកាន់ មកលើកម្លាំងទាហានរុស្ស៊ី ថា បានវាយប្រហារ ដោយមិនរើសអើង ទៅលើទីតាំងរោងចក្រវិទ្យុសកម្មដ៏ធំបំផុតរបស់អឺរ៉ុប ស្ថិតក្នុងប្រទេសអ៊ុយក្រែន ដែលនាំឱ្យមានការលេចធ្លាយសារធាតុវិទ្យុសកម្ម និង ការបំពុលយ៉ាងខ្លាំង នៅក្នុងតំបន់ ហើយវាជាទង្វើប្រកបដោយគ្រោះថ្នាក់ខ្លាំង។
រុស្ស៊ី តែងតែចោទប្រកាន់ជាដដែលៗ ប្រឆាំងនឹងក្រុងកៀវ អំពីការរៀបចំនូវផែនការ ធ្វើប្រតិបត្ដិការ ក្រោមទង់ក្លែងក្លាយ ដោយជាមួយនឹងអាវុធមិនធម្មតា ដោយការប្រើសារធាតុជីវសាស្ត្រ ឬ វិទ្យុសកម្ម។ ដូច្នេះ ការវាយប្រហារបែបនេះ មិនត្រូវឲ្យកើតឡើងនោះឡើយ។
ដោយឡែក អ៊ុយក្រែន និង សម្ពន្ធមិត្តលោកខាងលិច វិញ បានច្រានចោលនូវការចោទប្រកាន់របស់រុស្ស៊ី ដោយចាត់ទុកការលើកឡើងរបស់ក្រុងមូស្គូ មានចេតនាដ៏អាក្រក់បំផុត ពង្រីកនូវព័ត៌មានមិនពិត។ ជាមួយគ្នានេះ បណ្ដាប្រទេសលោកខាងលិច និង រដ្ឋាភិបាលក្រុងកៀវ ក៏បានចោទប្រកាន់ ទៅលើក្រុងមូស្គូ អំពីការរៀបចំនូវផែនការ បង្កឧបទ្ទវហេតុបំផ្ទុះរោងចក្រនុយក្លេអ៊ែរដ៏ធំរបស់អឺរ៉ុប ស្ថិតក្នុងប្រទេសអ៊ុយក្រែន ដើម្បីស្ដីបន្ទោស មកលើប្រទេសអ៊ុយក្រែន។
ការចោទប្រកាន់របស់រុស្ស៊ី បានកើតឡើង ស្របពេលក្រុមមន្រ្ដីអ៊ុយក្រែន បានជំរុញឲ្យក្រុមអ្នកនយោបាយរបស់សហរដ្ឋអាមេរិក បង្កើននូវការដាក់សម្ពាធ ដល់រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ដើម្បីបញ្ជូនយន្ដហោះចម្បាំង ប្រភេទ F-16 មកជួយដល់កម្លាំងការពារទឹកដីរបស់ក្រុងកៀវ។ យន្ដហោះចម្បាំងដ៏ទំនើបរបស់សហរដ្ឋអាមេរិក ប្រភេទនេះ នឹងជួយង្កើនសមត្ថភាពរបស់កងទ័ពអាកាស អ៊ុយក្រែន ដើម្បីវាយប្រហារទប់ទល់ ប្រឆាំងនឹងកងមីស៊ីលរបស់រុស្ស៊ី។
ការបញ្ចុះបញ្ជូលដល់ក្រុមអ្នកនយោបាយសហរដ្ឋអាមេរិក បានកើតឡើង កាលពីចុងសប្ដាហ៍កន្លងទៅនេះ នៅខាងក្រៅសន្និសីទ នៃសន្ដិសុខមូនិច នៅក្នុងកិច្ចពិភាក្សា រវាងក្រុមមន្រ្ដីអ៊ុយក្រែន រួមមាន លោករដ្ឋមន្រ្ដីក្រសួងការបរទេស ឌីមីត្រូ គូឡេបា (Dmytro Kuleba) ហើយសមាជិកព្រឹទ្ធសភា និង រដ្ឋសភារបស់សហរដ្ឋអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ និង សាធារណរដ្ឋ។
លោក ម៉ាក ខែលលី (Mark Kelly) សមាជិកព្រឹទ្ធសភា និង ជាអតីតអវកាសយានិក ដែលធ្លាប់បើកយន្តហោះចម្បាំងរបស់កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក បានបញ្ជាក់ ថា «ក្រុមមន្រ្ដីអ៊ុយក្រែន បានប្រាប់យើង ថា ពួកគេចង់បានយន្ដហោះចម្បាំងដ៏ទំនើប ប្រភេទ F-16 ដើម្បីបង្ក្រាបទៅលើកិច្ចការពារដែនអាកាសរបស់សត្រូវ ដូច្នេះពួកគេអាចទទួលបានយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន សម្រាប់សមរភូមិរបស់រុស្ស៊ី។ ចំណែកបញ្ហាយន្ដហោះនេះ ត្រូវការបណ្តុះបណ្តាលយ៉ាងហោចណាស់មួយឆ្នាំ សម្រាប់គ្រប់គ្រងសមត្ថភាពទាំងអស់របស់ F-16។ ប៉ុន្ដែកងទ័ពអាកាសរបស់អ៊ុយក្រែន អាចត្រូវបង្រៀន ឱ្យចេះបើកបរ នៅក្នុងចំនួនកំណត់ … រយៈពេល ចន្លោះពីពីរទៅបីខែ»។
ដោយឡែក លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីខែមុន បានបញ្ជាក់ ថា «គាត់មិនយល់ព្រម ផ្ដល់យន្ដហោះចម្បាំង ប្រភេទ F-16 តាមសំណើរបស់អ៊ុយក្រែន នោះឡើយ»។
ជាមួយគ្នានេះដែរ ក្រុមមន្រ្ដីរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃអាទិត្យ បានបញ្ជាក់ ថា សហរដ្ឋអាមេរិក នឹងផ្ដោតទៅលើការផ្គត់ផ្គង់គ្រឿងយុទ្ធោបករណ៍ ដែលអាចប្រើប្រាស់ជាបន្ទាន់ នៅលើសមរភូមិ ច្រើនជាងការផ្គត់ផ្គង់យន្ហហោះចម្បាំង ព្រោះវាត្រូវការចំណាយពេល ទៅលើការហ្វឹកហ្វឺនបន្ថែមទៀត៕










