ប្រទេសកូរ៉េខាងជើង ៖ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ប្រទេសកូរ៉េខាងជើងបានគំរាមថា នឹងតបតវិញយ៉ាងចាស់ដៃដែលមិនធ្លាប់មានពីមុនមក ក្រោយពីកូរ៉េខាងត្បូង និងអាមេរិកត្រៀមធ្វើសមយុទ្ធរួមគ្នាប្រចាំឆ្នាំ សម្រាប់ការពារការគំរាមពីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ។

សារព័ត៌មានកណ្តាល (KCNA) បានរាយការណ៍ដោយយោងលើសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងជើង ដែលចោទប្រកាន់អាមេរិកថា កំពុងធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង ហើយប្រើប្រាស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ធ្វើជាឧបករណ៍សម្រាប់នយោបាយកខ្វក់គ្មានយុត្តិធម៌ ដើម្បីដាក់សម្ពាធលើកូរ៉េខាងជើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg1vB7WMWckA-OtoVNEP-bhC9_VSF0cF0ZfN26xK-zctmL4xu2NjZnOdIvLYi305j1TTvTbbK7kOj70g3vQQ_9XDwn7PQXO-APVqZPCpHg5WGYwsQ0W_6_9Ot6pHRpvOh0ZdmU31wFk83Hhh3kCj-YGIBxgjXljGi77W7PSrp0PrUPZVh2Zj4mgl_i/s1280/photo_2023-02-18_09-57-39.jpg

ក្រសួងការបរទេសកូរ៉េខាងជើងឱ្យដឹងថា កូរ៉េខាងជើងបានផ្អាកប្រតិបត្តិការពិសេសផ្នែកកងទ័ពទាំងអស់ក្នុងឆ្នាំ២០២៣ លើកលែងតែសកម្មភាពធម្មតាទូទៅ ។ ប៉ុន្តែការធ្វើសមយុទ្ធរួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង នឹងធ្វើឱ្យស្ថានការណ៍ក្នុងភូមិភាគកាន់តែតានតឹងទ្វេដង បើអាមេរិកបង្ហាញចង្កូមរបស់ខ្លួន កូរ៉េខាងជើងនឹងធ្វើបែបនេះដូចគ្នាដែរ ។ សេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើងបានប្រកាសឡើងក្រោយពីកូរ៉េខាងត្បូងលើកឡើងថា នឹងធ្វើសមយុទ្ធរួមគ្នានៅសប្តាហ៍ខាងមុខ និងខែមីនា ជាមួយអាមេរិក ក្នុងគោលបំណងពង្រឹងប្រតិបត្តិការនុយក្លេអ៊ែររបស់អាមេរិក ។

គេសង្កេតឃើញថា កូរ៉េខាងជើងជាប្រទេសមួយដែលមានអាវុធនុយក្លេអ៊ែរ និងបានបាញ់កាំជ្រួចជាច្រើនលើកផងដែរកាលពីឆ្នាំ២០២២ ។ លើសពីនេះ កូរ៉េខាងជើងក៏មានមីស៊ីលឆ្លងទ្វីបដែលអាចវាយលុកគ្រប់តំបន់ទាំងអស់របស់អាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8eNpRCmp0GuEn07898Y7uuuucbhLBbSFe6_jgG87tZBDFf4EdRx-UYhIGgOblXwFGNM6ncCXSU8Rmq5Cs-gEpZMxgvKb_C8zNqvL3oeqUUu82tgH7309TyVdOWbTGgBjBniIqoSLL7kQicZT3_0-W0pX4xoNKEpqDjw7Pac2-1Wxq67Y8A-VrKN_-/s1280/photo_2023-02-18_09-57-40.jpg

ការធ្វើសមយុទ្ធនុយក្លេអ៊ែរដែលកូរ៉េខាងត្បូងបញ្ជាក់នេះ គឺជាការធ្វើសមយុទ្ធផ្នែកយុទ្ធសាស្ត្រលើតុ នៅថ្ងៃទី២២ ខែកុម្ភៈ នៅក្រសួងការពារជាតិអាមេរិក ហើយនាយកដ្ឋានគោលនយោបាយយោធាកំពូលរបស់ប្រទេសទាំងពីរនឹងចូលរួមផងដែរ ។ លើសពីនេះ នៅថ្ងៃទី២៣ ខែកុម្ភៈ មន្ត្រីយោធាជាន់ខ្ពស់កូរ៉េខាងត្បូងនឹងធ្វើដំណើរទៅកាន់មូលដ្ឋានទ័ពជើងទឹក Kings Bay រដ្ឋ Georgia ជាទីតាំងផ្ទុកនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ។

ជាមួយគ្នានេះ កងទ័ពអវកាសអាមេរិកបានប្រកាសពីភាពជោគជ័យម្តងទៀតក្នុងការសាកល្បងបាញ់មីស៊ីលឆ្លងទ្វីប Minuteman III ក្រោយពីកូរ៉េខាងជើងបង្ហាញឥទ្ធិពល និងបង្អួតមីស៊ីលឆ្លងទ្វីបរបស់ខ្លួន ខណៈអ្នកវិភាគយល់ថា មីស៊ីលរបស់កូរ៉េខាងជើងអាចបង្កបញ្ហាដល់ប្រព័ន្ធការពារអាមេរិក ។ ការសាកល្បងបាញ់មីស៊ីល Minuteman III នៅមូលដ្ឋានទ័ពអវកាស Vandenberg រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី៩ ខែកុម្ភៈ គេរាយការណ៍ថា វាអាចបាញ់បានចម្ងាយ៦.៧៥៩គីឡូម៉ែត្រ រហូតដល់កោះក្វាចាឡិន ក្នុងបរិវេណប្រជុំកោះ Marshall ។ រីឯបញ្ជាការវាយប្រហារសកលកងទ័ពអាកាសអាមេរិកបញ្ជាក់ថា ការសាកល្បងនេះបានបង្ហាញឱ្យឃើញពីសុវត្ថិភាព ទំនុកចិត្ត និងការទប់ស្កាត់នុយក្លេអ៊ែរដ៏មានប្រសិទ្ធភាពរបស់អាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNwSreH9ZTs1XwsJUK45Q-0KQtlDUd3xs3PrWmOlMSZleM2qqiuc_t_cRUDscFj2Sgg3xfx7gWPWwXBiBERtDVF__pTqpN5S75ww2kzOqHRwec5Sw-SbwbvwqivFNuU2a4HbJzKYAASfFd1eBBFkcNYzM280GmvHKKlhftiaP1Qu4MfjwfibFw74qA/s1280/photo_2023-02-18_09-57-40%20(2).jpg

ទោះយ៉ាងណា អាមេរិកនិយាយថា ការសាកល្បងមីស៊ីល Minuteman III នេះ មិនមែនដើម្បីសងសឹកកូរ៉េខាងជើងដែលបានបង្ហាញមីស៊ីល ICBM ទេ វាជាការសាកល្បងធម្មតាប៉ុណ្ណោះ ហើយអាមេរិកបានត្រៀមខ្លួនជាច្រើនខែហើយ ហើយវាជាការសហការគ្នារវាងស្ថាប័នផ្សេងៗរបស់កងទ័ពអាកាស ៕ ប្រភព ៖ TNN World