ប្រទេសចិន ៖ គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយបក្សកុម្មុយនិស្តចិនបានថ្លែងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៦ ខែកុម្ភៈថា ចិនទទួលបានជោគជ័យដ៏ធំក្នុងការការពារ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមក ។
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងជាលេខាបក្សកុម្មុយនិស្ត បានធ្វើជាប្រធានកិច្ចប្រជុំ ថ្លែងថា ក្នុងរយៈពេល៣ឆ្នាំកន្លងមក ចិនបានកែលម្អលើវិធានការទប់ស្កាត់ជំងឺកូវីដជាបន្តបន្ទាប់ ដោយបានការពារ និងគ្រប់គ្រងការរាតត្បាតយ៉ាងមានប្រសិទ្ធភាព ស្របគ្នានឹងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ។ លើសពីនេះ ចិនបានទទួលជោគជ័យលើការទប់ស្កាត់ការរាតត្បាតរបស់មេរោគបង្កាត់ពូជថ្មីដែលបានឆ្លងខ្លាំងក្លា ហើយមានអត្រាការស្លាប់ខ្ពស់ក្នុងចំណោមពលរដ្ឋ ដោយចិនបានការពារជីវិត និងសុខភាពពលរដ្ឋយ៉ាងមានប្រសិទ្ធភាព ។ លោកបន្តថា មានពលរដ្ឋជាង២០០លាននាក់ឆ្លងជំងឺកូវីដ និងទទួលបានការព្យាបាល ហើយអ្នកជំងឺធ្ងន់ធ្ងរចំនួន៨០ម៉ឺននាក់ទទួលបានការព្យាបាលយ៉ាងមានប្រសិទ្ធភាព ហើយអត្រាការស្លាប់ដោយសារកូវីដរបស់ចិនចិន នៅតែស្ថិតក្នុងកម្រិតទាបបំផុតក្នុងពិភពលោក ។
កិច្ចប្រជុំនេះបានផ្តោតទៅលើថា បើទោះជាចិនបានបង្ការ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដទូទាំងប្រទេសល្អប្រសើរឡើង ហើយត្រឡប់មកស្ថានភាពធម្មតាវិញក្តី ប៉ុន្តែនៅតែមានការឆ្លងរាតត្បាតច្រើនក្នុងពិភពលោក ហើយជំងឺកូវីដនៅតែបង្កាត់ពូជថ្មីៗទៀត ។
កិច្ចប្រជុំក៏បានផ្តោតលើការពង្រឹងសមត្ថភាពតាមដានការឆ្លងរាតត្បាត និងដាស់តឿនជាមុន ។ លើសពីនេះ ចិននឹងដាក់ផែនការចាក់វ៉ាក់សាំងនៅពេលខាងមុខ បង្កើនការចាក់វ៉ាក់សាំងដល់មនុស្សចាស់ ព្រមទាំងពង្រឹងការផលិតវ៉ាក់សាំង និងផ្នែកវេជ្ជសាស្ត្រផងដែរ ៕
ប្រភព ៖ TNN World










