សហរដ្ឋអាមេរិក ៖ សារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបង្ហាញថា លោកនឹងពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅពេលឆាប់ៗនេះ ករណីបាឡុងរបស់ប្រទេសចិនបានហោះចូលមកដែនអាកាសអាមេរិក ដែលចិនអះអាងថា ប្រើសម្រាប់ពិនិត្យអាកាសធាតុ ហើយត្រូវយន្តហោះចម្បាំងរបស់កងទ័ពអាមេរិកបាញ់ធ្លាក់កាលពីសប្តាហ៍កន្លងមក ។
លោក ចូ បៃដិន បានបញ្ជាក់ថា គម្រោងការជជែកគ្នាជាមួយលោក ស៊ី ជិនពីង លោកនឹងមិនសូមទោសចិនទេ ករណីអាមេរិកបានបាញ់បាឡុងនោះធ្លាក់ ព្រោះវាជាអ្វីដែលត្រូវធ្វើក្រោមច្បាប់អន្តរជាតិ ។ ទោះយ៉ាងណា មេដឹកនាំអាមេរិកនៅតែផ្តោតលើគំនិតថា លោកមិនត្រូវការបង្កើតសង្គ្រាមត្រជាក់ជាថ្មីជាមួយចិនទេ ។ លោកថ្លែងថា ៖ «ខ្ញុំត្រៀមនឹងជជែកជាមួយមេដឹកនាំចិននាពេលឆាប់ៗនេះ ហើយយើងនឹងសាកល្បងពិភាក្សាគ្នាថា រឿងបាឡុងនេះវាកើតឡើងដោយរបៀបណា ប៉ុន្តែរឿងមួយដែលខ្ញុំមិនធ្វើនោះ គឺការសូមទោសដែលអាមេរិកបានបាញ់បាឡុងចិនធ្លាក់» ។
បើទោះជាអាមេរិកនិយាយថា បាឡុងរបស់ចិនមានបំណងស៊ើបការណ៍ពីអាមេរិក ប៉ុន្តែរដ្ឋាភិបាលក្រុងប៉េកាំងបញ្ជាក់ថា បាឡុងនេះជាកម្មសិទ្ធិឯកជនដែលប្រើសម្រាប់ពិនិត្យមើលអាកាសធាតុតែប៉ុណ្ណោះ ហើយការឈ្លានពានលើដែនអាកាសអាមេរិកនោះ គឺជាការចៃដន្យ និងគ្មានបំណងទេ ព្រមទាំងសុំឱ្យអាមេរិកប្រើហេតុផលក្នុងការពិចារណា និងមិនធ្វើហួសហេតុពេក ។
កាលពីសប្តាហ៍កន្លងមក កងទ័ពអាមេរិកបានប្រកាសថា មានវត្ថុគួរឱ្យសង្ស័យហោះរំលោភលើដែនអាកាសអាមេរិករហូតដល់៤ដង ហើយអាមេរិកបានបាញ់កម្ទេចវាចោលទាំងអស់ ក្នុងនោះវត្ថុចម្លែក៣ចុងក្រោយ ដែលបានបាញ់ធ្លាក់នៅរដ្ឋអាឡាស្កា ស្ថិតនៅព្រំដែនអាមេរិក, ប្រទេសកាណាដា និងរដ្ឋមីឈីហ្គែន (តាមលំដាប់) នៅមិនទាន់មានព័ត៌មានលម្អិតបន្ថែមទេ ៕
ប្រភព ៖ beartaiBRIEF










