សហភាពអារ៉ាប់រួម ៖ ផ្ទៃដីនៅសហភាពអារ៉ាប់រួម (United Arab Emirates) មានសភាពស្ងួតហួតហែងមិនអំណោយផលក្នុងការធ្វើកសិកម្មដាំដុះអ្វីឡើយ ធ្វើឱ្យប្រទេសនេះត្រូវនាំចូលស្បៀងអាហារស្ទើរ៩០% ដើម្បីមកផ្គត់ផ្គង់ពលរដ្ឋរបស់ខ្លួន ។ រដ្ឋាភិបាលរបស់សហភាពអារ៉ាប់រួមបានព្យាយាមដោះស្រាយបញ្ហាសន្តិសុខស្បៀងសម្រាប់ពលរដ្ឋ ដោយការកែច្នៃតំបន់វាលខ្សាច់នៅទីក្រុងម៉ាលីហា ធ្វើជាកសិដ្ឋានដាំដុះស្រូវសាឡីដើម្បីដោះស្រាយបញ្ហាខ្វះខាតស្បៀង ដោយរដ្ឋាភិបាលបានចាប់ផ្តើមគម្រោងនេះតាំងពីឆ្នាំ២០២២ មកម៉្លេះ ។
គេសង្កេតឃើញថា កសិដ្ឋានដាំស្រូវសាឡីនៅទីក្រុងម៉ាលីហា គឺមានរាងជារង្វង់មូលពណ៌បៃតងចំនួន៨ ស្ថិតនៅចំកណ្តាលសមុទ្រខ្សាច់ ។ បច្ចុប្បន្ន មានផ្ទៃដីទាំងអស់ចំនួន២.៥០០រ៉ៃ ដែលគេបានប្រើប្រាស់ប្រព័ន្ធផលិតទឹកសាបពីសមុទ្រមកប្រើប្រាស់សម្រាប់ការដាំដុះស្រូវសាឡីទាំងអស់ ។ លើសពីនេះ គេបានប្រើបញ្ញាសិប្បនិម្មិត (AI) រួមទាំងឧបករណ៍បញ្ចេញកំដៅផងដែរសម្រាប់ប្រមូលទិន្នន័យពីអាកាសធាតុ និងសណ្ឋានដី ដើម្បីគ្រប់គ្រងបរិមាណការស្រោចទឹក និងពិនិត្យលើការលូតលាស់របស់ដើមស្រូវសាឡី ។
គេរំពឹងថា សហភាពអារ៉ាប់រួមនឹងអាចផលិតស្រូវសាឡីបានចំនួន១.៦០០តោនក្នុង១ឆ្នាំ ហើយអនាគត ប្រទេសនេះនឹងមានផែនការពង្រីកផ្ទៃដីដាំដុះបន្ថែមទៀតរហូតដល់៨.៧៥០រ៉ៃនៅត្រឹមឆ្នាំ២០២៥ និងពង្រីកផ្ទៃដីដាំដុះរហូតដល់ជាង១ម៉ឺន២ពាន់រ៉ៃ ។
ក្រៅពីនេះ សហភាពអារ៉ាប់រួមនៅមានផ្ទៃដីចំនួន១២,៥រ៉ៃទៀតទុកសម្រាប់សាកល្បងដាំដុះស្រូវសាឡីចំនួន៣៥ប្រភទ ដែលបានយកគ្រាប់ពូជមកពីប្រទេសទូទាំងពិភពលោក ។ ការសាកល្បងដាំដុះពូជផ្សេងៗគ្នានេះ គឺក្នុងគោលបំណងស្វែងរកពូជណាដែលសមស្របជាមួយសណ្ឋានដី និងអាកាសធាតុនៅសហភាពអារ៉ាប់រួម ៕
ប្រភព ៖ TNN Earth










