ភ្នំពេញ៖ រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងជម្រុញការសិក្សាផ្លូវរថភ្លើងក្រោមដី ក្នុងរាជធានីភ្នំពេញ ខណៈគម្រោងនេះ ត្រូវបានរំពឹងថា នឹងធ្វើឲ្យប្រសើរឡើងនូវការដឹកជញ្ជូនក្នុងរាជធានី និងជុំវិញខេត្តកណ្តាល។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ក្រសួងកំពុងជម្រុញការសិក្សាផ្លូវរថភ្លើងក្រោមដី ក្នុងរាជធានីភ្នំពេញ ឱ្យបានលឿន។

លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់ចំពោះការសិក្សាផ្លូវរថភ្លើងក្រោមដី ក្នុងភូមិសាស្រ្តនៅរាជធានីភ្នំពេញ និងសមិទ្ធផលជាច្រើនទៀតក្នុងវិស័យសាធារណការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYBiMcsOtBrA1EFrg1XE0hDC8pNhANsAbzl_k3qZ5QasILwH4aHwgb6zBzCjHPBtMnob96WNZrzoaITKh43Y-kRqGeE_-hDlwCEvfFr3nX5aX-ZsAg_IT6sEK6-Jrhc7TfHQIHpVLq_w2vmqopjOv-rY4hQFoKwz2tuIgi0-zJO-EGNGT6alZclSI8/s820/photo_2023-02-16_11-39-52.jpg

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាត់ទុកការអនុវត្តគម្រោង និងជោគជ័យជាច្រើន កាលពីឆ្នាំ២០២២កន្លងទៅ បានធ្វើឱ្យកម្ពុជា ទទួលបានកិត្តិនាមល្បីរន្ទឺនៅលើឆាកអន្តរជាតិ ខណៈកម្ពុជា បានបើកដំណើរការសេដ្ឋកិច្ចពេញលេញឡើងវិញយ៉ាងឆាប់រហ័ស។

សូមរម្លឹកថា នៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍លើកឡើងថា គម្រោងរថភ្លើងក្រោមដី ក្នុងរាជធានីភ្នំពេញ អាចនឹងចំណាយ ១,៨ ពាន់លានដុល្លារ និងជាជម្រើសដែលត្រូវយមកគិត។

កាលពីខែមេសា ឆ្នាំ២០២១ ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី ជួយរៀបចំយុទ្ធសាស្រ្ត សម្រាប់គម្រោងផ្លូវរថភ្លើងលើអាកាស និងរថភ្លើងក្រោមដីនេះផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpFtiQ2IR6-hPbEFj58-f7bv1-jfm9IZTXB4AZNCXj6i1eciO8J63OIN9zNlox4mgmbpQ3LJsSDoCclNCacKXWlr1HWtRhVCxhRogww00I9UDIByuvfn57W1q6GiYr6Vdz6UM6zTEh7o0NAGJoPazZhv-cUAy7sS9rCjo5qOp_TyhMsfR6jM4i121k/s843/photo_2023-02-16_11-39-51.jpg