រមណីយដ្ឋានទឹកធ្លាក់ជ្រាវស្ថិតនៅភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយប្រហែល១១០ គីឡូម៉ែត្រ ពីរង្វង់មូលវត្តភ្នំ។ យើងអាចធ្វើដំណើរពីភ្នំពេញតាមបណ្ដោយផ្លូវជាតិលេខ៥ រហូតដល់ផ្សារឧដ្ដុង រួចបត់ឆ្វេងទៅផ្លូវលេខ១៣៦ ហើយបន្ដរហូតដល់គីឡូម៉ែត្រលេខ៨៨។ ទៅដល់កន្លែងនោះលោកអ្នកនឹងឃើញស្លាកនៅខាងស្ដាំដៃដែលមានសរសេរថា ទឹកធ្លាក់ជ្រាវ។ បន្ទាប់មកយើងត្រូវបត់ចូលតាមផ្លូវនោះ ហើយបន្តដំណើររហូតដល់ទឹកធ្លាក់ជ្រាវតែម្ដង។

សម្រស់ធម្មជាតិក្នុងខែវស្សាពិតជាស្រស់ស្អាត និងត្រជាក់ភ្នែក ជាងខែប្រាំងឆ្ងាយណាស់។ នៅដើមផ្លូវបត់ចូលទៅកាន់ទឹកធ្លាក់ជ្រាវ យើងអាចភ្លក់រសជាតិកណ្ដូបខៀវ និងកណ្ដូបប៉ារ៉ាដែលអ្នកភូមិចាប់មកពីចម្ការអំពៅ។ ទេសភាពអមដងផ្លូវទៅកាន់ជ្រាវមានវាលស្រែ ផ្កាត្របែកព្រៃ ចម្ការអំពៅ ចម្ការហូបផ្លែ និងបន្លែរបស់អ្នកភូមិ។ ពេលត្រឡប់មកវិញយើងអាចទិញផ្លែឈើធម្មជាតិ ដូចជា ក្រូច ល្ហុង និងចេកជាដើម។

សម្រាប់អ្នកដែលចូលចិត្តងូតទឹកលេង គួរមានការប្រុងប្រយ័ត្នអំពីអាកាសធាតុ នៅពេលដែលមានភ្លៀងធ្លាក់ ចាំបាច់ណាស់ត្រូវតែងើបចេញពីទឹកជាបន្ទាន់ ព្រោះកម្លាំងទឹកអាចហូរធ្លាក់មកជាកំហុក ដែលអាចបង្ករឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។ ម្យ៉ាងវិញទៀត នៅពេលលេងទឹកយើងគួរប្រុងប្រយ័ត្នជាមួយថ្ម ព្រោះផ្ទាំងថ្មទាំងនោះរអិល ងាយនឹងឱ្យយើងដួល។នៅជ្រាវមានទឹកធ្លាក់ច្រើនដំណាក់ ជាទូទៅមនុស្សភាគច្រើនទៅងូតទឹកលេងត្រឹមដំណាក់ទី១ រហូតដំណាក់ទី៣៕