ប្រទេសឡាវ ៖ ប្រទេសឡាវបានរាយការណ៍ពីចំនួនការនាំចូលរថយន្តអគ្គិសនីកើនឡើងនៅឆ្នាំ២០២២ កន្លងមក បន្ទាប់ពីតម្លៃប្រេងឥន្ធនៈបានកើនឡើងជាច្រើនលើក ។ តាមរបាយការណ៍ពីក្រុមហ៊ុនប្រេងឥន្ធនៈឡាវ (Lao State Fuel Company) បង្ហាញថា នៅខែកុម្ភៈ ឆ្នាំ២០២៣នេះ តម្លៃប្រេងសាំងស្មើប្រមាណ២១.០៥០គីបក្នុង១លីត្រ និងតម្លៃប្រេងម៉ាស៊ូតស្មើ១៩.៨២០គីបក្នុង១លីត្រ ។
លោក Thongphat Inthavong អនុរដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែ បានថ្លែងក្នុងកិច្ចប្រជុំកាលពីដើមខែកុម្ភៈថា ប្រជាពលរដ្ឋឡាវចាប់ផ្តើមងាកមកប្រើប្រាប់រថយន្តអគ្គិសនីកាន់តែច្រើន បន្ទាប់ពីឡាវជួបបញ្ហាការខ្វះខាតប្រេងឥន្ធនៈ និងតម្លៃកើនឡើងជាបន្តបន្ទាប់ ។
បច្ចុប្បន្ន ប្រទេសឡាវមានរថយន្តអគ្គិសនីចំនួន១.៤២៨គ្រឿង និងម៉ូតូអគ្គិសនីចំនួន១.៧៧៣គ្រឿង ដែលបាននាំចូលដោយជំនួយពីអន្តរជាតិ និងផ្នែកឯកជន ។ ប្រទេសឡាវមានកន្លែងសាកអគ្គិសនីទាំងអស់ចំនួន២០កន្លែងនៅទូទាំងប្រទេស និងមានក្រុមហ៊ុនលក់រថយន្តចំនួន១៨ បាននាំចូលរថយន្តអគ្គិសនីមកលក់នៅឡាវ ។
ក្រៅពីនេះ រដ្ឋាភិបាលឡាវតាំងចិត្តថា នឹងផ្លាស់ប្តូរប្រព័ន្ធដឹកជញ្ជូនក្នុងប្រទេសមកប្រើរថយន្តអគ្គិសនីនៅត្រឹមឆ្នាំ២០២៥ ដើម្បីកាត់បន្ថយការនាំចូលប្រេងឥន្ធនៈ រួមទាំងបានចេញគោលនយោបាយគាំទ្រការប្រើប្រាស់រថយន្តអគ្គិសនីផងដែរ ។ លោក ផាន់ខាំ វិផាវ៉ាន់ អតីតនាយករដ្ឋមន្ត្រីឡាវ បានកំណត់គោលដៅថា ប្រទេសឡាវនឹងប្រើប្រាស់រថយន្តអគ្គិសនីជាង៣០% នៅត្រឹមឆ្នាំ២០៣០ ៕
ប្រភព ៖ AECconnect










