តៃវ៉ាន់ ៖ សារព័ត៌មានរ៉យទ័ររាយការណ៍ថា លោកស្រី Tsai Ing-wen ប្រធានាធិបតិតៃវ៉ាន់ និងលោក William Lai Ching-te អនុប្រធានាធិបតីតៃវ៉ាន់ បានត្រៀមបរិច្ចាគប្រាក់ខែ១ខែរបស់ខ្លួន ដើម្បីជួយជនរងគ្រោះដោយសាររញ្ជួយដីនៅប្រទេសតួកគី និងស៊ីរី ។.jpg)
ការបរិច្ចាគប្រាក់របស់មេដឹកនាំតៃវ៉ាន់ទាំងពីររូបនេះ គឺជាការជួយដល់ជនរងគ្រោះបន្ថែមទៀត ក្រោយពីតៃវ៉ាន់បានប្រគល់ប្រាក់ជិត២លានដុល្លារអាមេរិកសម្រាប់ជួយជនរងគ្រោះដោយសាររញ្ជួយដី រួមទាំងបានបញ្ជូនភ្នាក់ងារសង្គ្រោះតៃវ៉ាន់២ក្រុមទៅកាន់កន្លែងកើតហេតុ ដើម្បីសហការជាមួយអាជ្ញាធរប្រទេសតួកគី ក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិត ។
កាលពីថ្ងៃទី៨ ខែកុម្ភៈ កន្លងមក ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានជជែកជាមួយភ្នាក់ងារសង្គ្រោះរបស់តៃវ៉ាន់ ដែលបានធ្វើដំណើរទៅកាន់តំបន់រញ្ជួយដីនៅប្រទេសតួកគី តាមវីដេអូខល ដើម្បីអរគុណពួកគេនូវការលះបង់ និងផ្តល់កម្លាំងចិត្តផងដែរ ។
នេះក៏មិនមែនជាលើកទី១ទេ ដែលមេដឹកនាំតៃវ៉ាន់ទាំងពីររូបបរិច្ចាគប្រាក់ខែរបស់ខ្លួនជួយសង្គ្រោះប្រទេសផ្សេងទៀត មុននេះ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen និងលោក William Lai Ching-te អនុប្រធានាធិបតីតៃវ៉ាន់ ក៏ធ្លាប់បានបរិច្ចាគប្រាក់ខែរបស់ខ្លួនសម្រាប់ផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសអ៊ុយក្រែនផងដែរ ។
គួរបញ្ជាក់ថា តួកគី និងប្រទេសផ្សេងទៀត ភាគច្រើនគ្មានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ទេ ដោយសារប្រទេសចិនអះអាងថា តៃវ៉ាន់គឺជាកម្មសិទ្ធិរបស់ខ្លួន ៕
ប្រភព ៖ beartaiBRIEF










