បើនិយាយទៅដល់ទន្លេវែងជាងគេនៅលើលោក ច្បាស់ណាស់គេប្រាកដជានឹកឃើញដល់ទន្លេនីល (Nile) នៃទ្វីបអាហ្រ្វិក ដែលមានប្រវែង៦៦៥០គីឡូម៉ែត្រ។ ចុះអ្នកទាំងអស់គ្នាដែរដឹងឬអត់ទន្លេមេគង្គ ដែលជាសរសៃឈាមនៃប្រទេសកម្ពុជា ឈរនៅលេខប៉ុន្មានជាទន្លេវែងជាងគេបំផុតលើលោក?
ទន្លេមេគង្គជាទន្លេវែងជាងគេលំដាប់លេខ១២ នៅលើពិភពលោក និងឈរនៅលេខ៣នៅទ្វីបអាសុី។ ទន្លេនេះមានប្រវែងប្រហែល ៤៩០៩គីឡូម៉ែត្រ ដែលឆ្លងកាត់ប្រទេសចំនួន៦ប្រទេសគឺ ប្រទេសចិន ប្រទេសភូមា ប្រទេសថៃ ប្រទេសឡាវ ប្រទេសកម្ពុជា ប្រទេសវៀតណាម និងហូរចាក់ចូលក្នុងសមុទ្រចិនខាងត្បូង។ ទន្លេនេះមានទំហំគ្រប់ដណ្តប់លើផ្ទៃដីប្រហែល ២.៦លានគីឡូម៉ែត្រការ៉េ។
ទន្លេមេគង្គជាសរសៃឈាមរបស់ប្រទេសកម្ពុជា ដោយហូរកាត់៥ខេត្តដែលមានដូចជា ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម រាជធានីភ្នំពេញ និងព្រៃវែង ហើយបានបញ្ចប់នៅព្រំប្រទល់វៀតណាម។ ទន្លេមេគង្គក៏បានហូរកាត់ផ្លូវជាតិលេខ១ត្រង់ចំនុចស្ពានអ្នកលឿងផងដែរ។
ទន្លេមេគង្គជាធម្មតាត្រូវបានបំបែកទៅជា២គឺ អាងទន្លេមេគង្គលើនៅក្នុងប្រទេសចិន និងអាងទន្លេមេគង្គក្រោមរាប់ចាប់ពីប្រទេសមីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម៕










