សហរដ្ឋអាមេរិក ៖ អាមេរិកបានផ្សព្វផ្សាយពីរូបភាពការប្រមូលវត្ថុដែលសង្ស័យថាជាបាឡុងចារកម្មរបស់ចិន ដែលអាមេរិកបានបាញ់ធ្លាក់កាលពីថ្ងៃទី៤ ខែកុម្ភៈ កន្លងមក ត្រៀមបញ្ជូនទៅឱ្យអ្នកជំនាញពិនិត្យយ៉ាងលម្អិតបន្តទៀត ។
កងម៉ារីន និងកងទ័ពជើងទឹកអាមេរិកបានបង្ហាញរូបភាពភារកិច្ចរបស់ខ្លួនជាមួយអាជ្ញាធរឆ្នេរសមុទ្រក្នុងការប្រមូលកម្ទេចបាឡុង ដែលយន្តហោះចម្បាំង F-22 របស់អាមេរិកបានបាញ់បំផ្លាញតាមបញ្ជារបស់លោកប្រធានាធិបតី ចូ បៃដេន ខណៈវាហោះនៅលើផ្ទៃសមុទ្រនៅរដ្ឋ Carolina ។ កងទ័ពអាមេរិកបានប្រមូលកម្ទេចបាឡុងយ៉ាងប្រុងប្រយ័ត្នចេញពីផ្ទៃទឹក ដូចជា ក្រណាត់ពណ៌ស គ្រោងឆ្អឹងបាឡុងមានកម្ពស់៦០ម៉ែត្រ និងឧបករណ៍ចាប់សញ្ញានៅផ្នែកខាងក្រោម ។
ក្រៅពីនេះ កងម៉ារីនអាមេរិកបានត្រៀមស្វែងរកកម្ទេចបាឡុងនៅសល់ក្រោមទឹកទាំងអស់ ដើម្បីឱ្យអ្នកវិភាគអាចសិក្សាច្បាស់លាស់ថា ឧបករណ៍ចាប់សញ្ញាប្រភេទអ្វីដែលចិនបំពាក់លើបាឡុងនេះ ហើយបាឡុងអាចផ្លាស់ទីបានដូចម្តេច ។ ក្រុមវិស្វករនៃការិយាល័យស៊ើបអង្កេតកណ្តាលនៃក្រុង Quantico រដ្ឋ Virginia បានពិនិត្យកម្ទេចបាឡុងទាំងអស់ដើម្បីឱ្យដឹងថា វាអាចប្រមូលបានទិន្នន័យអ្វីខ្លះ ហើយរកវិធីតាមដានបាឡុងចារកម្មនាថ្ងៃអនាគត ។
អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman បានថ្លែងទៅកាន់មន្ត្រីស្ថានទូតចំនួន១៥០នាក់មកពី៤០ប្រទេសថា វាជាបាឡុងចារកម្មកាន់កាប់ដោយកងទ័ពចិន ហើយអាមេរិកនឹងផ្សព្វផ្សាយព័ត៌មាននេះទៅកាន់ពិភពលោក ព្រោះប្រទេសទាំងអស់អាចប្រឈមនឹងការគំរាមកំហែងដូចគ្នា ។
មុននេះ ក្រសួងការបរទេសចិនបញ្ជាក់ថា បាឡុងហោះមកកាន់ដែនអាកាសរបស់អាមេរិកនេះគ្មានចេតនាទេ វាជាបាឡុងប្រមូលទិន្នន័យឧតុនិយមរបស់ជនស៊ីវិលប៉ុណ្ណោះ ។ ចិនទទួលស្គាល់ថា បាឡុងទី២ ដែលគេប្រទះឃើញនៅដែនអាកាសនៃតំបន់អាមេរិកឡាទីនកាលពីសប្តាហ៍មុន ក៏ជារបស់ចិនដែរ ៕
ប្រភព ៖ TNN World